សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំសមាជិកចំនួន ១៣ក្រុមហ៊ុន ចូលរួមពិព័រណ៍អាហារអន្តរជាតិ នៅប្រទេសអាល្លឺម៉ង់

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ចំនួន ១៣ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់ អង្ករល្អបំផុតរបស់ពិភពលោក ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ដែលមានឈ្មោះថា ANUGA 2025 – International Foods Industry Trade Fair នៅទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។
ការចូលរួមពិព័រណ៍អាហារ អន្តរជាតិ ANUGA 2025 នេះ គឺជាការចូលរួមលើកទី ២ របស់ សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុង បន្ទាប់ពី ការចូលរួមលើកទី ១ នៅក្នុងឆ្នាំ២០២៣។ សម្រាប់ ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាជាតិរួមមួយយ៉ាង ស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ម៉ែត្រការ៉េ។
គោលបំណងនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាមគោលនបោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិ ភាពចំណី អាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងជំរុញផលិតផល ចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ANUGA 2025 ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់មួយសម្រាប់ពិភពលោក របស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តលើ ការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ.
ក្រុមហ៊ុននាំចេញទាំង ១៣ ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA 2025 ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖ ១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា), ២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត, ៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត, ៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា), ៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, ៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី, ៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក, ៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍, ៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក, ១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល, ១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, ១២ ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី និង១៣. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន៕













