ព័ត៌មានជាតិ

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងបរទេស ដើរកម្សាន្តនៅតាមគោលដៅនានាទូទាំងប្រទេសជាង ២លាននាក់ កើនឡើងជាង ២០%

image


ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរជាតិ និងទេសចរបរទេស ដើរកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ គិតចាប់ថ្ងៃទី ២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ សរុបប្រមាណ ២,១៤លាននាក់ កើនឡើង ២០,១% ធៀបគ្រា ភ្ជុំបិណ្ឌឆ្នាំ២០២៤។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២,១១លាននាក់ កើនឡើង ២១,២% និងទេសចរបរទេស ប្រមាណជាង ២ម៉ឺន ៤ពាន់នាក់។

ក្រសួងបន្តថា ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១. ខេត្តសៀមរាប ប្រមាណ ២៣,៨ម៉ឺននាក់, ២. ខេត្តបាត់ដំបង ២១,៨ម៉ឺននាក់, ៣. ខេត្តព្រះសីហនុ ២១,៦ម៉ឺននាក់ ៤. ខេត្តកំពង់ចាម ២១ម៉ឺននាក់ និង៥. ខេត្តកំពង់ឆ្នាំង ១៣,៧ម៉ឺននាក់។

ទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះ ត្រូវបានព្យាករថា នឹងមានកំណើនទាបជាងឆ្នាំមុន ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក៏ដោយ ប៉ុន្តែការដើរកម្សាន្តរបស់ភ្ញៀវ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់៕