អ្នកស្រុកបាងកក បារម្ភពីការបាក់ស្រុតផ្លូវជាថ្មី ក្រោយមន្ត្រីថៃរកឃើញសញ្ញាមិនប្រក្រតីក្បែរទីតាំងបាក់ស្រុតផ្លូវចាស់

ថៃឡង់ដ៍៖ អាជ្ញាធរថៃ បានប្រទះឃើញមានជម្រាបទឹកចេញពីក្រោមផ្លូវសាមសេន (Samsen) ទល់មុខរោងចក្រស្រាបៀរប៊ុនរ៉ដ (Boon Rawd) ដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រពីខាងលិចទីតាំងបាក់ស្រុតផ្លូវខាងមុខមន្ទីរពេទ្យវ៉ាជីរ៉ា (Vajira) និងប៉ុស្តិ៍នគរបាលសាមសេន ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធ ។
ដោយខ្លាចមានករណីបាក់ស្រុតផ្លូវដូចកាលពីម្សិលមិញ មន្ត្រីថៃនៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានធ្វើការបិទចរាចរណ៍នៅតំបន់ខាងលើ ដើម្បីសុវត្ថិភាព ក្រោយរកឃើញចំណុចដ៏គួរឱ្យសង្ស័យដែលមានទាំងថ្នល់កៅស៊ូឡើងប៉ោងខុសពីធម្មតា ព្រមជាមួយនឹងជម្រាបទឹកចេញពីខាងក្នុងថ្នល់កៅស៊ូ។ ខណៈនេះ ស្ថានការណ៍កំពុងស្ថិតនៅក្រោមការតាមដាននៅឡើយ ។
គួររម្លឹកថា នៅក្នុងហេតុការណ៍បាក់ស្រុតផ្លូវកាលពីម្សិលមិញ បានបង្កើតជារណ្ដៅជម្រៅ ៥០ម៉ែត្រ និងមានទំហំ ៣០ម៉ែត្រ ដោយបានកើតឡើងនៅក្បែរសំណង់រថភ្លើងក្រោមដី។ ទោះបីជាឧបទ្ទវហេតុនេះ មិនមានអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះ បានធ្វើឱ្យអ្នកស្រុកមានការព្រួយបារម្ភថា ឧបទ្ទវហេតុស្រដៀងគ្នានេះ អាចកើតឡើងម្ដងទៀតនៅក្នុងតំបន់របស់ពួកគេរស់នៅ ដោយសារតែផ្លូវជាច្រើនក្នុងទីក្រុងបាងកក ស្ថិតនៅតាមបណ្តោយសំណង់ផ្លូវរថភ្លើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English & The Nation Thailand | រូបភាព-Photo៖ Khaosod English



