ឃាត់ខ្លួនអនីតិជន និងមនុស្សពេញវ័យជាង ៤០០នាក់ក្រោយតេស្តរកឃើញសារធាតុញៀន ក្នុងខេត្តស៊ុផាន់បុរី ប្រទេសថៃ

ថៃឡង់ដ៍៖ ក្រុមការងារពិសេសបានឆ្មក់ចូលរង្គសាលរាត្រីមួយកន្លែងឈ្មោះ 24 BAR ក្នុងខេត្តស៊ុផាន់បុរី (Suphan Buri) កាលពីម៉ោង ១៖៣០ នាទីព្រឹកថ្ងៃពុធ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអ្នកស្រុកអំពីសកម្មភាពខុសច្បាប់នៅក្នុងក្លឹប ។
មនុស្សជាង ១,០០០ នាក់បានជាប់គាំងនៅខាងក្នុងក្លឹប នៅពេលអាជ្ញាធរបានបិទច្រកចេញដើម្បីបញ្ឈប់ជនសង្ស័យទាំងអស់ពីការរត់គេចខ្លួន ។
អំឡុងប្រតិបត្តិការឆ្មក់រកអ្នកប៉ះពាល់គ្រឿងញៀននោះ មន្ត្រីបានរកឃើញកាំបិត គ្រឿងញៀននៅរាយប៉ាយលើឥដ្ឋ ខណៈភ្ញៀវដែលចូលក្លឹបជាង ៤០០នាក់ត្រូវអាជ្ញាធរធ្វើតេស្តរកឃើញសារធាតុញៀន ។
ក្នុងចំណោមភ្ញៀវទាំងអស់ មានភ្ញៀវចំនួន ៥០នាក់ដែលជាអនីតិជន ខ្លះមានអាយុត្រឹម ១៥ឆ្នាំ ហើយអនីតិជន៣៥នាក់ក្នុងចំណោមនោះ រកឃើញថាបានប្រើប្រាស់គ្រឿងញៀន ។
ខាងលើនេះ គឺជាផ្នែកមួយនៃចំណាត់ការរបស់ក្រសួងមហាផ្ទៃថៃ ក្នុងការបង្ក្រាបបារខុសច្បាប់ និងការប្រើប្រាស់គ្រឿងញៀន។ ក្រុមមន្ត្រីនិយាយថា ខេត្តផ្សេងទៀតអាចជាគោលដៅបន្ទាប់នៅក្នុងប្រតិបត្តិការដែលកំពុងបន្ត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand/ Thaiger | រូបភាព-Photo៖ The Nation Thailand/ Ministry of Interior PR Facebook/ Screenshots from DOPA Facebook video via Thaiger





