ព័ត៌មានអន្តរជាតិ

កងកម្លាំងមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាជាមួយក្រុមតស៊ូសារជាថ្មីនៅជិតព្រំដែនថៃ

image


មីយ៉ាន់ម៉ា៖ កងកម្លាំងពិសេសរបស់កងទ័ពថៃ បានចេញសេចក្ដីរាយការណ៍ពីការប៉ះទង្គិចគ្នានៅរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះ កងកម្លាំងពិសេសរបស់កងទ័ពថៃ បានរាយការណ៍អំពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូនៅក្នុងតំបន់មីយ៉ាវ៉ាឌី (Myawaddy) រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់នឹងព្រំប្រទល់ភូមិបានម៉ៃម៉ែកូនកេន (Ban Mai Mae Kone Ken) ក្នុងស្រុកម៉ែសូត (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ។
នៅក្នុងសេចក្ដីរាយការណ៍ បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស និងការបន្តដាក់ពង្រាយកងទ័ព
បានកេីតឡេីងនៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកញ្ញា វេលាម៉ោង ៤:០០ ល្ងាច ដោយកងទ័ពមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះ YAK-130 ចំនួនពីរគ្រឿង ដើម្បីទម្លាក់គ្រាប់បែកលើតំបន់ជុំវិញភូមិឡេកែកូ (Le Kae Ko) និងភូមិទីម៉ែវ៉ាគី (Ti Mae Wa Kee) ដែលស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីព្រំដែនថៃ ។
នៅក្នុងសង្គ្រាមផ្ទៃក្នុងនេះ ភាគីទាំងពីរបានបន្តដាក់ពង្រាយកងកម្លាំង និងធ្វើការប្រយុទ្ធគ្នាមិនដាច់សូរ ប៉ុន្តែអាជ្ញាធរថៃបានរាយការណ៍ថា មិនមានផលប៉ះពាល់អ្វីដល់តំបន់ព្រំដែននៃប្រទេសថៃនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English