សម្តេចបវរធិបតី មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "ខ្ញុំនៅតែមានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែងឯកជន ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ ប្រកបដោយ សុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម” ។ការលើកឡើងបែបនេះតាមរយៈសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព»ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
តាមរយៈសារលិខិត សម្តេចបវរធិបតី បានលើកឡើងថា "កាលានុវត្តភាពសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាដែលស្តែង ឡើងតាមរយៈចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្តនានា កំពុងតែមានភាពល្អប្រសើរ ក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការដែលកំពុងហុចផ្លែផ្កាជាច្រើន ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ និងតំបន់ ដូចជា ក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS) មេគង្គ-ឡានឆាង មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ ភាពជាដៃគូមេគង្គ-អាម៉េរិក មេគង្គ-គង្គា (ឥណ្ឌា) និងអេកម៉ិក ជាដើម"។ សម្តេចបវរធិបតីបានបញ្ជាក់ដែរថា "កន្លងមក រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីពង្រឹង ភាពធន់នៃវិស័យទេសចរណ៍ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការលើកទឹកចិត្តនានា ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍និងផលិតផលទេសចរណ៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍ សម្បទាទេសចរណ៍និងការតភ្ជាប់យ៉ាងច្រើនដែលគាំទ្រនិងបម្រើដល់វិស័យទេសចរណ៍ មានជាអាទិ៍៖ គម្រោង ព្រែកជីកហ្វូណនតេជោ ការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន មន្ទីរពេទ្យ ការបន្តពង្រីក កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ការជំរុញជើងហោះត្រង់ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ជាច្រើនទៀតផងដែរ"។
ក្នុងឱកាសនេះ សម្តេចបវរធិបតី ក៏បានជំរុញ និងលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណា ដោយឈរលើការគិតគូរ អំពីការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ របៀងជីវៈចម្រុះនានា និងបម្រែបម្រួលអាកាសធាតុ ក្រោមទម្រង់ ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន ដែលផ្តល់ឱកាសឱ្យមាន ការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់ មូលដ្ឋាន គោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ដែលការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ និងយូរអង្វែងរបស់ប្រជាជនជំនាន់ក្រោយនាពេលអនាគត។ សម្តេចបវរធិបតីក៏បានណែនាំឲ្យក្រសួងទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តជំរុញ ឌីជីថលូបនីយកម្មនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីរក្សានូវភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងសកលលោក ដោយជំរុញឱ្យមានការចូលរួមពីអាជីវកម្មទេសចរណ៍ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ផងដែរ។ សម្តេចបវរធិបតី ក៏បានណែនាំឲ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ត្រូវបង្កើនសមត្ថភាពអ្នកជំនាញ ទេសចរណ៍ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែង និងអាចឆ្លើយតបបានទៅនឹងទីផ្សារការងារ និងការវិវត្តនៃ ឧស្សាហកម្មទេសចរណ៍ ដោយត្រូវគិតគូរអំពីសមភាពយេនឌ័រ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ ទេសចរណ៍ ដើម្បីរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ។
សូមជម្រាបថា គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕
អត្ថបទ៖ ហ៊ន សុភ័ក្រ





