ព័ត៌មានអន្តរជាតិ

រកឃើញឆ្មាកើតជំងឺឆ្កែឆ្កួត នាំឱ្យអាជ្ញាធរថៃកំណត់តំបន់រាតត្បាតនៅតាមផ្នែកខ្លះក្នុងក្រុងបាងកក និងខេត្តបទុមធានី

image


ថៃឡង់ដ៍៖ ក្រោយរកឃើញករណីសត្វឆ្មាមួយក្បាលដែលមានផ្ទុកជំងឺឆ្កែឆ្កួត នៅក្នុងភូមិមូ៥ (Moo 5) ឃុំឡាត់សាវ៉ៃ (Lat Sawai) ស្រុកឡាំលូកា (Lam Luk Ka) ខេត្តបទុមធានី (Pathum Thani) ស្ថិតនៅជាប់ភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ ក៏បានជំរុញឱ្យអាជ្ញាធរ ប្រកាសកំណត់ជាបណ្ដោះអាសន្ននៅតាមផ្នែកខ្លះនៃស្រុកឡាំលូកា (Lam Luk Ka), ស្រុកថាន់យ៉ាបុរី (Thanyaburi) ខេត្តបទុមធានី និងខណ្ឌសៃម៉ៃ (Sai Mai) ភាគខាងជើងក្រុងបាងកក ជាតំបន់ប្រឈមនូវការរាតត្បាតខ្លាំងដោយជំងឺឆ្កែឆ្កួត។ សេចក្តីសម្រេចនេះ ចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ ។

ជុំវិញវិធានការហាមឃាត់ក្នុងតំបន់រាតត្បាត ក្នុងរយៈពេលមួយខែនេះ រួមមាន៖
- ហាមដាច់ខាតចំពោះការដឹកជញ្ជូនសត្វឆ្កែ និងសត្វឆ្មា ឬសាកសពរបស់សត្វទាំងនោះ ចេញចូលក្នុងតំបន់រាតត្បាតប្រសិនបើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីពេទ្យសត្វ ។
- ម្ចាស់សត្វចិញ្ចឹមត្រូវតែរាយការណ៍ជាបន្ទាន់ អំពីករណីសត្វឈឺ ឬងាប់ ជាពិសេសប្រសិនបើសត្វមានរោគសញ្ញាដូចជំងឺឆ្កែឆ្កួត ឬប្រសិនបើសត្វជាច្រើននៅក្នុងតំបន់បង្ហាញសញ្ញាស្រដៀងគ្នាក្នុងរយៈពេល ប្រាំពីរថ្ងៃ ។
- ម្ចាស់សត្វក៏ត្រូវបានហាមឃាត់ មិនឱ្យផ្លាស់ប្តូរសត្វឈឺ ឬចាប់សាកសពសត្វដែលងាប់នោះដែរ។ សាកសពសត្វត្រូវតែទុកនៅទីតាំងដែលសត្វនោះងាប់ រហូតដល់មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ។

ប្រសិនបើបុគ្គលទាំងឡាយណាមិនបានអនុវត្តតាមវិធានការច្បាប់ ឬបម្រាមខាងលើនេះទេ ពួកគេអាចប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬរងនូវការពិន័យជាប្រាក់រហូតដល់ ៤ម៉ឺនបាត (ប្រហែល ១,២៤០ ដុល្លារអាម៉េរិក) ឬប្រឈមមុខទាំងទោសជាប់ពន្ធនាគារ និងការពិន័យជាប្រាក់ក្នុងពេលដំណាលគ្នា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព-Photo៖ WDBJ7/ UNSPLASH/ A Facebook via Thaiger