លោក Donald Trump បញ្ជាក់ថានឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអ៊ែលត្រួតត្រាទឹកដីតំបន់ West Bank ជាបន្តទៀតនោះទេ

សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងក្រុមស្ដាំនិយមជ្រុលដែលគាំទ្រដល់ការដាក់បញ្ចូលនូវទឹកដីកាន់កាប់ក្នុងតំបន់ West Bank មកជាផ្នែកស្របច្បាប់របស់អ៊ីស្រាអ៊ែល ទំនងជានឹងត្រូវខកចិត្ត បន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) មានប្រសាសន៍ថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអ៊ែល បន្តត្រួតត្រាផ្នែកនៃទឹកដីក្នុងតំបន់ West Bank ដែលអ៊ីស្រាអ៊ែលបានកាន់កាប់ជាបន្តទៀតនោះទេ ។
ដោយមានប្រសាសន៍នៅមុនពេលដែលលោកណេតាន់យ៉ាហ៊ូ ថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ លោកត្រាំ (Trump) មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលលោកនឹងទប់ស្កាត់លើវិធានការដាក់បញ្ចូលទឹកដីដែលអ៊ីស្រាអ៊ែលបានកាន់កាប់នេះទេ ។
ក្នុងនោះ អ្នកវិភាគបានចោទសួរថា តើលោកត្រាំនឹងអនុវត្តតាមសម្តីរបស់លោកដែរឬយ៉ាងណា។ បញ្ហានេះ បានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអ៊ែល ដឹកនាំដោយលោក ប៊ែហ្សាឡេ ស្មុតរីច (Bezalel Smotrich) បានបន្តជំរុញចំពោះការពង្រីកនិគមដ្ឋាន និងបដិសេធយ៉ាងបើកចំហនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពលើតំបន់ហ្គាហ្សា ។
គេជឿថា គម្រោងតាំងទីលំនៅថ្មីរបស់អ៊ីស្រាអ៊ែល ធ្វើឡើងដើម្បីរារាំងចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ស្របពេលតុលាការអន្តរជាតិ បានសម្រេចរួចហើយថា និគមដ្ឋានទាំងនេះគឺជារឿងខុសច្បាប់ ហើយប្រទេសជាច្រើនកំពុងឈានទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ។
គួររម្លឹកថា ការលើកឡើងរបស់លោកត្រាំ នាពេលចុងក្រោយនេះ នឹងអាចបង្កើនភាពតានតឹង ជាមួយរដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ីស្រាអ៊ែល ដែលពឹងផ្អែកលើគណបក្សស្តាំនិយមជ្រុលសម្រាប់ការបន្តអរិភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកត្រាំ ក៏បាននិយាយថា ការពិភាក្សាជាមួយមេដឹកនាំអារ៉ាប់មានលក្ខណៈល្អប្រសើរ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងលើតំបន់ហ្គាហ្សាអាចនឹងកើតឡើងឆាប់ៗនេះ។ ជាមួយគ្នានោះ ការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយសហរដ្ឋអាម៉េរិក អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អ៊ីស្រាអ៊ែល ដែលពឹងផ្អែកខ្ពស់លើការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុពីអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Al Jazeera | រូបភាព-Photo៖ Manuel Balce Ceneta/AP/ The Times of India/ civilsdaily


