ព័ត៌មានអន្តរជាតិ

ព្យុះទី២០ឈ្មោះ ប៊ូឡូយ និងព្យុះទី១៩ឈ្មោះ នេហ្គោរី​ នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ប៉ុន្តែមានឥទ្ធិពលតិចតួចប៉ុណ្ណោះមកលើប្រទេសកម្ពុជា

image

ភ្នំពេញ៖​ ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi) T2520 និង ព្យុះទី១៩ឈ្មោះ នេហ្គោរី (Neoguri) T2519 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំង២នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ នេះបេីយោងតាមការឱ្យដឹងពី​ ក្រសួងធនធានទឹក​ និងឧតុនិយម​ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងធនធានទឹក​ និងឧតុនិយម​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ​ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥​ នៅតំបន់វាលទំនាប​ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌​ និងទិសអាគ្នេយ៍​ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៥៥%។

ចំណែកតំបន់ខ្ពង់រាប​ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់មកពីទិសបូព៌​ និងទិសអាគ្នេយ៍​ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី ប រតនគិរី រី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

ដោយឡែក​ តំបន់មាត់សមុទ្រ​ សីតុណ្ហភាពមធ្យមអប្បបរមា២១°C​ និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសនិរតី​ និងទិសអាគ្នេយ៍​ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា​ ០,៥០ម៉ែត្រ​ និងកម្ពស់មធ្យមអតិបរមា ១,៧៥០ម៉ែត្រ៕