លោកទេសរដ្ឋមន្រ្តី លី ធុជ៖ រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំ នូវគោលនយោបាយវិស័យដឹកជញ្ជូន និងឡូជីស្ទីក ខណៈវិស័យនេះ កំពុងមានការរីកចម្រើន

ភ្នំពេញ៖ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ការរីកចម្រើនរបស់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។
ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំ នូវគោលនយោបាយវិស័យដឹកជញ្ជូននិងឡូជីស្ទីក ក្រោមកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន ក្នុងនោះរួមទាំងការជួយសម្រួល ដល់ដំណើរការបំពេញបែបបទ និងនីតិវិធីពាក់ព័ន្ធផ្សេងៗទៀតផង។ លោក លី ធុជ មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបលើកទី៧ រវាងម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទីក និងដឹកជញ្ជូន ដែលរៀបចំដោយសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បន្តទៀតថា ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនឡូជីស្ទីក រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកសាង នូវហេដ្ឋារចនាសម័ន្ធជាច្រើន មានដូចជា ព្រលានយន្តហោះថ្មី ពង្រីកកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន បណ្តាញផ្លូវតាមបណ្តារខេត្តផ្សេងៗ ស្ពានថ្នល់ និងព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ថ្មីៗនេះ ការដាក់ឱ្យដំណើរការនៃព្រលានយន្តហោះតេជោអន្តរជាតិ គឺជាសមិទ្ធផល និងសក្ខីភាពជាក់ស្តែង ចំពោះការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យដឹកជញ្ជូនឡូជីស្ទីករបស់កម្ពុជា។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា មានប្រសាសន៍ថា ការរៀបចំជំនួបពិភាក្សានេះឡើង ក្នុងគោលដៅកសាងនូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ជាពិសេសក្នុងឱកាសដែលកម្ពុជា កំពុងមានការឈ្លានពានពីប្រទេសជិតខាងមួយ។
"ស្របពេលដែលកម្ពុជា រងការឈ្លានពានពីប្រទេសថៃ នេះគឺជាឱកាសសម្រាប់កម្ពុជា ដើម្បីរៀបចំខ្លួនឱ្យបានរឹងមាំ នាពេលអនាគត, ជំនួបនាថ្ងៃនេះ គឺដើម្បីឱ្យគេមើលឃើញថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង កសាងទំនាក់ទំនងរវាងគ្នានិងគ្នា នៃម្ចាស់អាជីវកម្ម គួបផ្សំនឹងការរកផ្លូវ និងដំណោះស្រាយ ធ្វើយ៉ាងណាអាចផលិត កែច្នៃ ដើម្បីពង្រឹងនៃការលក់ដូរ នៅក្នុងស្រុកដោយខ្លួនឯងបាន", នេះជាការលើកឡើងរបស់លោក ជា ចាន់ដារ៉ា។
លោក ជា ចាន់ដារ៉ា ឱ្យដឹងដែរថា សមាគមមានទិសដៅ លើកស្ទួយវិស័យដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូលអោយកាន់តែប្រសើឡើង, ជំរុញឲ្យមានការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា, លើកស្ទួយ និងការគាំទ្រដល់វិស័យកសិកម្ម ការដឹកជញ្ជូន វេចខ្ចប់ និងជំរុញការរកទីផ្សាជូនកសិករ។ សមាគម ដាក់ចេញយុទ្ធសាស្ត្រ ជួយជំរុញឲ្យមានការយល់ដឹង អំពីវិស័យដឹកជញ្ជូននាំចេញនាំចូល និងការធ្វើទីផ្សាអន្តរជាតិ និងជួយជំរុញឲ្យប្រើប្រាស់បច្ចេកទេសជំនាញលើវិស័យដឹកជញ្ជូន និងប្រើប្រាស់បច្ចេកទេសទិញលក់តាមប្រព័ន្ឋឌីជីថលអនឡាញ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី











