ព័ត៌មានជាតិ

ស្ថានភាពនៅព្រំដែនភូមិព្រៃចាន់​ និងភូមិជោគជ័​យ​ មានភាពស្ងប់ស្ងាត់​ ខណៈ​នៅសមរភូមិខេត្តព្រះវិហារ​ និងខេត្តឧត្តរមានជ័យ​ មានភាពតានតឹង

image

បន្ទាយមានជ័យ៖​ ស្ថានភាពនៅព្រំដែនភូមិព្រៃចាន់​ និងភូមិជោគជ័​យ​ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានភាពស្ងប់ស្ងាត់​ មិនមានហេតុការណ៍ណាមួយគួរឱ្យកត់សម្គាល់នោះទេ​ នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៥​ ខណៈនៅថ្ងៃទី២៧​ ខែកញ្ញា​ មានសកម្មភាពគ្រឿងចក្ររបស់ថៃបានធ្វេីការឈូសឆាយផ្លូវនៅក្នុងដីដែលទាហានថៃព័ទ្ធលួសបន្លាឈ្លានពាន។

ទោះជាស្ថានភាពនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ក៏ដោយ​ ប៉ុន្តែកម្លាំងទាហានកម្ពុជា​ និងពលរដ្ឋមានការត្រៀមក្នុងកម្រិតខ្ពស់​ចាំរារាំងប្រសិនបេីទាហានថៃចេញធ្វេីសកម្មភារាយបន្លាលួសឈ្លានពានទឹកដីកម្ពុជា។

នៅថ្ងៃនេះដែរក៏មានពលរដ្ឋមកពីគ្រប់ទិសទី​ បានបន្តទៅសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ជំនួយដល់កងកម្លាំង​ដែលប្រចាំការនៅទីនោះ​ ប៉ុន្តែមិនត្រូវបានអនុញ្ញតឱ្យចូលទៅដល់កន្លែងទីតាំងដែលទាហានថៃទ័ព្ធលួសបន្លានោះទេ​ ដេីម្បីសុវត្ថិភាពពលរដ្ឋ​ ខណៈស្ថានភាពនៅសមរភូមិខេត្តព្រះវិហារ​ និងខេត្តឧត្តរមានជ័យ​ មានភាពតានតឹងខ្លាំង​ ដែលបង្កឡេីងដោយភាគីថៃ​បានបាញ់កាំភ្លេីងត្បាល់​ និងកាំភ្លេីងដៃជាច្រេីនគ្រាប់ចូលមូលដ្ឋានទ័កម្ពុជា នៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២៥ ដែលជាការរំលោភបទឈប់បាញ់ តែកងកម្លាំងកម្ពុជាមិនបានបាញ់តបតទៅវិញនោះទេ​ ព្រោះកម្ពុជាត្រូវការសន្តិភាព៕