សមាជិករដ្ឋសភា លើកទឹកចិត្តឱ្យនិស្សិតមុស្លិមកម្ពុជា ចូលរួមសកម្មភាពនានា ដោយការស្ម័គ្រចិត្ត លើការងារលើកកម្ពស់សុខុមាលភាព អប់រំ មនុស្សធម៌ និងសង្គម

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារ សមាគមនិស្សិតមុស្លិមកម្ពុជា រាជធានី ខេត្ត ឆ្នាំ២០២៥ បានលើកទឹកចិត្តឱ្យនិស្សិតមុស្លិមកម្ពុជាបំផុសចលនា និងការចូលរួមសកម្មភាពនានាជាមួយសមាគម ឬក្រុមការងារ ដោយការស្ម័គ្រចិត្ត លើការងារលើកកម្ពស់សុខុមាលភាព អប់រំ មនុស្សធម៌ និងសង្គមកម្ពុជា។
ថ្លែងក្នុងពិធីរៀបចំឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥, លោក សុះ មុះសិន លើកឡើងថា ការចូលរួមសកម្មភាពនានាដោយស្ម័គ្រចិត្ត គឺស្របតាមបេសកកម្មសមាគមនិស្សិតមុស្លិមកម្ពុជា ដោយទី១. ជំរុញសហគមន៍ឱ្យចូលរួមលើកកម្ពស់ការអប់រំ សង្គមកិច្ច និងសាសនា ទី២.ជំរុញសហគមន៍ឱ្យខិតខំពង្រឹង និងពង្រីកសេដ្ឋកិច្ចគ្រួសារ និងសង្គម និងទី៣. លើកកម្ពស់សាមគ្គីភាព ភាតរភាព និងសុខដុមនីយកម្មនៅក្នុងគ្រួសារ និងសហគមន៍។
លោក សុះ មុះសិន បន្តថា សមាគមនិស្សិតមុស្លិមកម្ពុជា ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយស្ថាបនិក ជាយុវជន និងនិស្សិតមុស្លិមកម្ពុជា នាទសវត្សរ៍ ១៩៩០ ក្នុងមានបំណងចង់ទ្រទ្រង់ និងលើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ហើយសមិទ្ធផលទាំងឡាយរបស់សមាគមនិស្សិតមុស្លិមកម្ពុជា កើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មនៅកម្ពុជា។ តាមរយៈសកម្មភាពការងារ និងការអនុវត្តនូវគម្រោងមួយចំនួនរបស់សមាគម មិនត្រឹមតែបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់ទៅនឹងមូលដ្ឋានជាប្រចាំ ហើយបានចូលរួមគាំទ្រ និងឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្រមួយចំនួន នៃផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់ ស.ស.យ.ក.។
ដើម្បីឆ្លើយតបទៅនឹងផែនការពង្រឹងសមត្ថភាពស្ថាប័ន និងក្រុមការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព, លោក សុះ មុះសិន បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ត្រូវបំពេញតួនាទី និងអនុវត្តសកម្មភាពទាំងឡាយណា ស្របតាមច្បាប់ ស្តីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខន្តិកៈ, បង្កើតទំនាក់ទំនងល្អជាមួយ អង្គការ សមាគម និងស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូសហប្រតិបត្តិការនានា ដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍ ការងារមនុស្សធម៌ និងសង្គមកិច្ច និងត្រូវពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសប្បុរសជន និងអ្នកពាក់ព័ន្ធ ដើម្បីកៀរគរកម្លាំងមនុស្សធម៌ផ្នែកអប់រំ បណ្ដុះបណ្ដាល និងបង្កើនសមាជិកភាពនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី








