ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សមាគមអតីតយុទ្ធជនកម្ពុជារៀបចំប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាក្រសួងមហាផ្ទៃ។
មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នេះជាការជួបជំសមាជិក សមាជិកានៃសមាគមអតីតតយុទ្ធជនកម្ពុជា ហេីយសម្រាប់ថ្ងៃនេះមានតំណាងសមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានីប្រមាណ៤០០នាក់ចូលរួមដើម្បីស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។
ក្នុងមហាសន្និបាតនាព្រឹកនេះ លោកគតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅបន្ដអនុវត្ដបន្ដរបស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។
ស្របជាមួយគ្នានេះ លោកបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹងផ្ដល់នូវរបាយការណ៍ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។
សូមជម្រាបជូនថា សមាគមអតីតយុទ្ធជនកម្ពុជាត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា


