ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា សម្តេចបានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ សម្តេចតេជោ បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី មហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា នាពេលអនាគត។​
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា "ខ្ញុំលើកជាឧទារណ៍ថា នៅពេលបុណ្យទានម្តងៗ អតីតយុទ្ធជន ត្រូវបានអញ្ជើញឱ្យចូលរួម ប៉ុន្តែមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ ប៉ុន្តែជាសំណាងល្អ នារយៈពេលកន្លងទៅនេះ ក្រសួង និងស្ថាប័ននីមួយៗ តែងតែអញ្ជើញនូវមន្ត្រីរាជការមកចូលរួមដែរ។ ដូច្នេះនៅពេលក្រោយ យើងនៅក្រោមដំបូលនេះ យើងមានលក្ខន្តិកៈត្រឹមត្រូវ យើងកាន់តែប្រមូលផ្តុំកម្លាំង ទាំងអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលសមាគមនេះ។ ការធ្វើបែបនេះ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងស្ទើតែមួយជីវិត"។
សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយ ដែលពុំធ្លាប់មាននៅកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម, អ៊ុន ផាណាត់