ព័ត៌មានអន្តរជាតិ

មនុស្ស៧នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារពីរករណីផ្សេងគ្នាក្នុងរដ្ឋចំនួន២ នៅសហរដ្ឋអាម៉េរិក

image


សហរដ្ឋអាម៉េរិក៖ មន្ត្រីនគរបាលក្នុងតំបន់ បានឱ្យដឹងថា បុរសជនសង្ស័យម្នាក់បានបើកការបាញ់ប្រហារក្នុងព្រះវិហារ អំឡុងគ្រិស្តសាសនិកកំពុងចូលរួមថ្វាយបង្គំកាលពីថ្ងៃអាទិត្យ នៅឯទីប្រជុំជនហ្គ្រេនដ៍ប្ល៊ង់ (Grand Blanc) រដ្ឋមីឈីហ្គេន (Michigan) ។

សមត្ថកិច្ចបន្ថែមទៀតថា ជនសង្ស័យខាងលើ មានឈ្មោះ ថូម៉ាស់ ចាកុប សាន់ហ្វដ (Thomas Jacob Sanford) អាយុ ៤០ឆ្នាំ បានបើករថយន្តចូលទៅក្នុងអគារព្រះវិហារ ហើយបើកការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិ ដោយបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ មុនពេលជនសង្ស័យត្រូវអាជ្ញាធរបាញ់សម្លាប់។ ក្រោយការបាញ់ប្រហារនេះ ជនសង្ស័យក៏បានធ្វើការបំផ្ទុះព្រះវិហារ ដោយបណ្ដាលឱ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែក្រោយមកក៏ត្រូវអាជ្ញាធរគ្រប់គ្រងស្ថានការណ៍វិញបាន ខណៈមនុស្សជាច្រើននាក់ស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរដោយសារតែអគ្គិភ័យ ។

នៅមួយថ្ងៃមុននេះ ហេតុការណ៍បាញ់ប្រហារមួយផ្សេងទៀតបានកើតឡើងនៅជិតទីប្រជុំជនកំពង់ផែខាងត្បូង (Southport) រដ្ឋខារ៉ូលីណាខាងជើង (North Carolina)។ ខ្មាន់កាំភ្លើងម្នាក់ បានធ្វើការបាញ់ប្រហារដោយបាញ់ចេញពីក្នុងទូកចូលទៅក្នុងភោជនីយដ្ឋានជាប់មាត់ទឹកមួយកន្លែង រហូតបណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស។ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានរត់គេចពីទីកន្លែងកើតហេតុ ។

ហេតុការណ៍បាញ់ប្រហារទាំងពីរករណីខាងលើនេះ បានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍មូលដ្ឋាន ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានហៅការវាយប្រហារនៅរដ្ឋមីឈីហ្គេន (Michigan) ថាជារឿងដ៏គួរឱ្យរន្ធត់ និងប្រឆាំងចំពោះគ្រិស្តសាសនិក។ ទន្ទឹមនឹងនោះ អាជ្ញាធរក្នុងរដ្ឋទាំងពីរ កំពុងបន្តស៊ើបអង្កេតលើករណីនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ VIORY/ BBC | រូបភាព-Photo៖ VIORY/ Jose Juarez & Chris Seward on AP.