គ្រោះរញ្ជួយដី ៥.៦រ៉ិចទ័រវាយប្រហារតំបន់ Longxi ភាគពាយ័ព្យប្រទេសចិន ខណៈអ្នកស្រុកថាមិនធ្លាប់ជួបប្រទះពីមុនឡើយ

ចិន៖ គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុងទីងស៊ី (Dingxi) ក្នុងតំបន់ឡុងស៊ី (Longxi) ខេត្តកាងស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន កាលពីម៉ោង ៥៖៤៩នាទីព្រឹកថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នងបានដួលរលំ និងបណ្ដាលឱ្យមនុស្ស ១១នាក់រងរបួស ខណៈប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ថ្ងៃអាទិត្យ ។
គ្រោះរញ្ជួយដីនេះ បានវាយប្រហារជិតភូមិស៊ៀនរិនមិន (Xianrenwen) ក្នុងជម្រៅ ១០គីឡូម៉ែត្រ ខណៈឥទ្ធិពលរំញ័រក៏បានសាយភាយទៅដល់តំបន់ជាច្រើនដែលស្ថិតនៅជុំវិញនោះ ខណៈផ្ទះជាង ៣,៤០០ខ្នងរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឱ្យប្រជាជនជិត ៧,៨០០នាក់ត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ។
អ្នកស្រុកដែលស្ថិតនៅក្នុងគ្រោះមហន្តរាយធម្មជាតិនេះ បានពណ៌នាថា នេះគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយដែលអ្នកស្រុកពុំធ្លាប់ជួបប្រទះពីមុន។ ទន្ទឹមនឹងនោះ តង់សង្គ្រោះបន្ទាន់ អាហារ និងជំនួយសង្គ្រោះចាំបាច់មួយចំនួនទៀតបានរៀបចំឡើងដោយផ្ដល់អទិភាពដល់មនុស្សចាស់ និងកុមារ ។
ជុំវិញស្ថានភាពនេះ មន្ត្រីក្នុងតំបន់ បានចាប់ផ្តើមចេញវិធានការឆ្លើយតបគ្រាអាសន្នកម្រិត៣ ស្របពេលរដ្ឋធានីប៉េកាំង បានដំណើរការផែនការសង្គ្រោះជាតិកម្រិត៤។ ក្នុងពេលដំណាលគ្នា ក្រុមជួយសង្គ្រោះកំពុងធ្វើការសម្អាតកម្ទេចកម្ទី ពិនិត្យមើលទីតាំងខូចខាត និងជួសជុលខ្សែបណ្ដាញទំនាក់ទំនង ខណៈការត្រួតពិនិត្យសុវត្ថិភាពនៅតែបន្តនៅឡើយសម្រាប់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Viory/ Hou Chonghui/ Xinhua via AP.


