ព័ត៌មានអន្តរជាតិ

មនុស្ស៤០នាក់ស្លាប់ក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា អំឡុងកំពុងរង់ចាំជួបតារាសម្ដែងដែលប្រែខ្លួនជាអ្នកនយោបាយ

image


ឥណ្ឌា៖ ការជួបជុំនយោបាយមួយនៅឯរដ្ឋតាមិលណាឌូ (Tamil Nadu) ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែកញ្ញា បានបញ្ចប់ទៅដោយបន្សល់នូវសោកនាដកម្មដ៏សោកសៅ ខណៈមនុស្សយ៉ាងច្រើនកុះករបានបង្ហាញវត្តមានជួបជុំគ្នាដើម្បីរង់ចាំជួបតារាសម្ដែងដ៏ល្បីល្បាញមួយរូបឈ្មោះ វិជ័យ (Vijay) មកពីរដ្ឋតាមិល ដែលបានប្រែក្លាយខ្លួនពីអ្នកសិល្បៈទៅជាអ្នកនយោបាយ ។

ក្នុងការរង់ចាំនោះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ និង៥១នាក់ផ្សេងទៀតទទួលរងរបួសដោយសារតែការរត់ជាន់គ្នា បន្ទាប់ពីអ្នកគាំទ្រនាំគ្នាសម្រុកទៅកាន់ទីតាំងព័ទ្ធជុំវិញរថយន្តឃោសនារបស់តារាសម្ដែងខាងលើ ។

នេះជាព្រឹត្តិការណ៍មួយនៃដំណើរទស្សនកិច្ចរបស់លោកវិជ័យសម្រាប់គណបក្ស Tamilaga Vettri Kazhagam ឬហៅកាត់ថា TVK នៅមុនការបោះឆ្នោតថ្នាក់រដ្ឋនៅឆ្នាំ ២០២៦។ ស្របពេលលោកវិជ័យ បានសម្ដែងនូវក្ដីសោកសៅយ៉ាងពន់ពេក ដោយបានថ្លែងថា ចិត្តរបស់លោកខ្ទេចខ្ទាំយ៉ាងខ្លាំងដោយសារតែការបាត់បង់នេះ ។

ជុំវិញហេតុការណ៍នេះ មន្ត្រីនគរបាលមូលដ្ឋាន ឱ្យដឹងថា មហាជនបាននាំគ្នាទន្ទឹងរង់ចាំលោកវិជ័យ អស់រយៈពេលជាច្រើនម៉ោងដោយមិនទទួលបានអាហារឬទឹកគ្រប់គ្រាន់ មុនពេលលោកមកដល់នៅម៉ោង ១៩៖៤០នាទី (ឬម៉ោង ២១៖១០នាទីនៅកម្ពុជា) ។

ប្រមុខរដ្ឋ Tamil Nadu លោក មូធូវែល ករុណានីធី ស្តាលីន (Muthuvel Karunanidhi Stalin) បានប្រកាសថា ថវិកាចំនួន ១លានរូពី (១១,២៨០ ដុល្លារអាម៉េរិក) នឹងត្រូវផ្តល់ជូនក្រុមគ្រួសារជនរងគ្រោះម្នាក់ៗជាសំណងសម្រាប់ឧបទ្ទវហេតុនេះ និងបានចេញបញ្ជាឱ្យមានការស៊ើបអង្កេតឱ្យបានកាន់តែច្បាស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters Connect | រូបភាព-Photo៖ Viory/ Reuters/ BBC/ AP.