កម្ពុជាការតវ៉ាប្រឆាំងនឹងអាជ្ញាធរថៃប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ និងឃុំអូរបីជាន់

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្ញើសារលិខិតជូន អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងលិខិតតវ៉ា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកសូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះ ដូចជា សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ា ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅអាស្រ័យផលក្នុងភូមិ ទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។ ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តទៀតថា សកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគឺទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា
ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកឧកស្ទឹង ស្រះកែវ ប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការ ចំរុះព្រំដែន (JBC)។ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC)។
ក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្តល់កិច្ចសហការចាត់វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។ រដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា ខេត្តស្រះកែវប្រកាន់ខ្ជាប់ដោយសុទ្ធចិត្ត នូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយ៕


