លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន" ប្រព្រឹត្តទៅដោយជោគជ័យ បន្សល់ទុកនូវស្នាមញញឹម មោទនភាព និងអនុស្សាវរីយ៍ល្អៗដល់ជនរួមជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងចូលរួមរៀបចំ សម្របសម្រួលការងារផ្សេងៗសម្រាប់ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន" ជាពិសេសក្រុមការងារជាយុវជនស្ម័គ្រចិត្ត ដែលបានអនុវត្តភារកិច្ចរបស់ខ្លួន តាំងពីការរៀបចំការងារដំបូង រហូតដល់ថ្ងៃកម្មវិធីរយៈ ពេល ៣ថ្ងៃ(២៦-២៨ កញ្ញា) ដែលបានបញ្ចប់ទៅដោយជោគជ័យ បន្សល់ទុកនូវស្នាមញញឹម មោទនភាព និងអនុស្សាវរីយ៍ល្អៗដល់ជនរួមជាតិ ដែលបានមកទស្សនាការតាំងពិព័រណ៍ និងកម្មវិធីអមនានា។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ជោគជ័យ នៃការរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក» មិនអាចកាត់ផ្តាច់បានឡើយ ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈអចិន្រ្តៃយ៍គណៈកម្មការធិការ, ក្រុមការងាររៀបចំ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមផ្តល់មតិយោបល់ គូសវាស និងអនុវត្តការងារទៅតាមគម្រោង។
ឆន្ទៈ ស្មារតី និងទឹកចិត្តរបស់សមាជិកសមាជិកាម្នាក់ៗ នៃក្រុមគ្រួសារ ស.ស.យ.ក គឺជាកម្លាំងជំរុញទឹកចិត្ត ឱ្យបន្តចូលរួមរៀបចំព្រឹត្តិការណ៍ និងយុទ្ធនាការផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរួមចំណែកដល់ការបណ្តុះស្មារតីរួបរួមជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “រយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាន និងកោសិកានៃសង្គមយ៉ាងច្រើនកុះករ បានជួបជុំគ្នានៅទីនេះ។ ក្រៅពីក្តីរំភើប និងមោទនភាពដោយឃើញផលិតផលចំរុះ ច្រើនមុខ ដែលកើតចេញពីស្នាដៃកូនខ្មែរ បងប្អូនបានបង្ហាញនូវការគាំទ្រតាមរយៈពាក្យពេចន៍កោតសសើរ ការចូលរួមប្រើប្រាស់ និងការជួយផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលបានស្គាល់។ កាយវិការរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍នេះ គឺជាការចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុកដែលបានផ្តល់ជាកម្លាំងជំរុញទឹកចិត្តឱ្យរោងចក្រសហគ្រាស សិប្បករ និងអ្នកច្នៃប្រឌិតកាន់តែខិតខំប្រឹងប្រែងទ្វេដងដើម្បីបង្កើតសមិទ្ធផល ផលិតផលថ្មីៗ ប្រកបដោយគុណភាពសម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ មិនតែប៉ុណ្ណោះ បងប្អូន ក៏បាននាំយកត្រលប់ទៅវិញនូវទឹកចិត្ត ស្មារតី សាមគ្គី រួបរួមក្នុងនាមជាប្រជាជាតិខ្មែរ តាមរយៈការទទួលបាននូវការបំផុសគំនិតដែលមាននៅក្នុងពិព័រណ៍ «ស្មារតីរួបរួម» ក៏ដូចជាការចែករំលែកទស្សនៈដ៏ល្អៗពីសំណាកៀវាគ្មិនកិត្តិយសជាច្រើនរូបក្នុងវគ្គចែករំលែក និងកិច្ចពិភាក្សា”។
ក្នុងនាមក្រុមគ្រួសារ ស.ស.យ.ក. លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ដៃគូសហការគាំទ្រ និងឧបត្ថម្ភ ដែលរួមមានក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាអ្នកផលិតមាតិកា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត។ ប្រសិនបើគ្មានការសហការគាំទ្រ និងឧបត្ថម្ភទាំងនោះទេ កម្មវិធីនេះ ក៏មិនអាចលេចចេញជារូបរាងបានឡើយ។ លោក ក៏សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស អ្នកសម្របសម្រួលកិច្ចពិភាក្សា សិល្បករ សិល្បការិនី ដែលបានចូលរួមផ្តល់ពុទ្ធិដ៏មានតម្លៃ ក៏ដូចជាភាពរស់រវើក និងទាក់ទាញសម្រាប់កម្មវិធី។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា អ្វីដែលមិនអាចបំភ្លេចបាននោះ គឺ ក្រុមការងាររៀបចំយុវជនស្ម័គ្រចិត្ត កងកម្លាំងសន្តិសុខ សង្រ្គោះបឋម សណ្តាប់ធ្នាប់ និងចរាចរណ៍ ព្រមទាំងបុគ្គលិកអនាម័យ ដែលបានធានានូវការប្រព្រឹត្តទៅដោយរលូននៃកម្មវិធីទាំងមូល បន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍គួរជាទីចងចាំ៕
អត្ថបទ៖ វង សុភ័ក្ត្រ









