ព័ត៌មានជាតិ

ប្រជាជនរងគ្រោះដោយទឹកជំនន់ ៩០០គ្រួសារ នៅខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

image


រតនគិរី៖ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាកការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ នាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧដុង្គឧត្តមនៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្ដល់អំណោយមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ៩០០គ្រួសារ ក្នុងខេត្តរតនគិរី ដែលរងគ្រោះដោយទឹកជំនន់រហ័សតាមដងទន្លេ ក្នុងស្រុកចំនួន ២ គឺស្រុកកូនមុំ និងស្រុកលំផាត់។
អំណោយមនុស្សធម៌នេះ ត្រូវបានសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះចែកដល់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយប្រើក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងទឹកដីខេត្តរតនគិរី។
លោមវេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ទាំង ៩០០គ្រួសារ ដែលធ្វេីឡេីង នៅទីតាំងចំនួន ២កន្លែង គឺ ៖ ទីតាំងទី១ ស្ថិតនៅក្នុងសាលាស្រុកលំផាត់ ដែលមានប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន ៣ នៅថ្ងៃទី២៧ ខែកញ្ញា។ ហើយសម្រាប់ថ្ងៃទី២៨ ខែកញ្ញា លោកវេជ្ជបណ្ឌិត បាននាំយកអំណោយ ទៅចែកនៅទីតាំងទី២ នៅសាលាបឋមសិក្សាស្រែពកតូច ដែលមានប្រជាជនរងគ្រោះចំនួន ៤០០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំសិរីមង្គល នៃស្រុកកូនមុំ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងជនជាតិដេីមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ជាមួយគ្នានេះ តាមរយៈមន្ត្រីពីទីស្នាក់ការកណ្តាល, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញេីជូនប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។
ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងសូមឱ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដេីម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។
ក្នុងងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត សុខ ឡុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានា ដែលបង្កឡើងដោយកង្វះអនាម័យជាដើម ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក។ ជាងនេះទៅទៀត ពេលត្រឡប់ទៅលំនៅដ្ឋានវិញ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នពីសត្វអាសិរពិស និងបន្តខិតខំប្រកបរបរដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ។
ជាមួយគ្នានេះដែរ គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តាករុណា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕
អត្ថបទ ៖ ប៉េស សារី