ព័ត៌មានជាតិ

វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ផ្តោតលេីការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពត

image


កំពត៖​ សភាពាណិជ្ជកម្មកំពត-កែប បានបើកវេទិការធុរៈកិច្ច កម្ពុជា-វៀតណាម ក្រោមវត្តមាន លោកស្រី មុយ វីរ័ត្ន អភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ វេទិកានេះមានការចូលរួមពីសំណាក់សហគ្រាស ក្រុមហ៊ុន និងធុរៈជនខេត្តកំពត និងក្រុមហ៊ុនចំនួន៤០ មកពីប្រទសវៀតណាម។

លោកឧកញ៉ា ហាក់ សុវណ្ណា​ ប្រធានសភាពាណិជ្ជកម្មកំពត-កែប បានឱ្យដឹងថា ការរៀបចំវេទិកាធុរៈកិច្ចកម្ពុជា-វៀតណាម នាពេលនេះ ដើម្បីធ្វើការបង្ហាញពីសក្តានុពលវិនិយោគក្នុងខេត្តកំពត ទៅកាន់ធុរជនដែលជាម្ចាស់ក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសវៀតណាម ដែលមានបំណងចង់ធ្វើការវិនិយោគនៅក្នុងខេត្ត។ ខេត្តកំពត ជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម ឧស្សាហកម្ម រ៉ែ ទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ខេត្តក៏មានប្រព័ន្ធដឹកជញ្ជូនជាច្រើនដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ពិសេសមានកំពង់ផែទឹកជ្រៅសម្រាប់ចរាចរណ៍ទំនិញ និងកំពង់ផែទេសចរណ៍អន្តរជាតិសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកផងដែរ ដែលកត្តាទាំងនេះនឹងអាចផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគលើគ្រប់វិស័យទាំងអស់ក្នុងខេត្ត ហើយវេទិកានេះនឹងនាំអ្នកវិនិយោគិនមកធ្វើការវិនិយោគក្នុងខេត្តកំពត។

លោកស្រី មុយ វីរ័ត្ន អភិបាលរងខេត្តកំត​ បានលើកឡើងថា ពេលនេះជាឱកាស​ និងជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នកវិនិយោគិនក្នុងខេត្តកំពត​ ក៏ដូចជាបណ្តាធុរៈកិច្ចវៀតណាមដែលបានមកបំពេញការងារ សិក្សាស្វែងយល់នូវសក្តានុពលក្នុងខេត្តកំពត ដើម្បីសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម សហគ្រាសធុនតូចមធ្យម ទេសចរណ៍ ដើម្បីជំរុញការវិនិយោគក្នុងខេត្តឱ្យមានសន្ទុះកាន់តែខ្លាំង ដើម្បីរួមចំណែកពង្រីកឱ្យវិស័យធុរៈកិច្ចកាន់តែល្អប្រសើរ។

លោកស្រីអភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការសហការគាំទ្ររាល់ការធ្វើអាជីវកម្ម លើវិស័យពាណិជ្ជកម្ម កសិកម្ម សហគ្រាសធុនតូចមធ្យម វិស័យទេសចរណ៍ និងការវិនិយោគផ្សេងៗ តាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយរដ្ឋបាលខេត្តក៏មានសេចក្តីសោមនស្ស សប្បាយរីករាយ ដែលបានឃើញវិស័យឯកជនទូទាំងប្រទេស បានជូបជុំពិភាក្សាគ្នារកគន្លឹះ ដើម្បីសហការគ្នាវិនិយោគ តាមរយៈនៃការប្រមូលផ្តុំរបស់សភាពាណិជ្ជកម្មកំពត-កែប និងតាមការយល់ដឹងផ្សេងៗរបស់ពាណិជ្ជកររបស់យើង។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកំពត-កែប រៀបចំវេទិការធុរៈកិច្ចនេះឡើង ដើម្បីជំរុញឱ្យមានការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពត ដែលសភាពាណិជ្ជកម្មសាខាកំពត-កែប បានដឹកនាំក្រុមហ៊ុនវៀតណាមចំនួន ៤០ក្រុមហ៊ុន មកបំពេញធុរៈកិច្ចនៅខេត្តកំពត ដោយបានសហការជួបជាមួយសហគ្រាស ក្រុមហ៊ុន និងធុរៈកិច្ចខេត្តកំពតដើម្បីបង្ហាញពីសក្តានុពលខេត្ត និងសិក្សាការវិនិយោគនៅកម្ពុជា ពិសេសក្នុងខេត្តកំពត៕


អត្ថបទ៖ វង្ស សុធារម្យ