ខេត្តមួយនៅឥណ្ឌូណេស៊ីជួបវិបត្តិប្រេងឥន្ធនៈ ក្រោយរដ្ឋបើកការស៊ើបអង្កេតលើគុណភាពប្រេងរបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេង

ឥណ្ឌូណេស៊ី៖ ប្រេងឥន្ធនៈក្នុងខេត្តបានតិន (Banten) ប្រទេសឥណ្ឌូណេស៊ី បានជួបប្រទះនូវបញ្ហាអស់ស្តុកប្រេងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយធ្វើឱ្យស្ថានីយប្រេងឥន្ធនៈនានា ដូចជា BP, Shell និង Vivo មិនមានប្រេងសាំងផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់អតិថិជនរបស់ខ្លួនឡើយ ។
ជុំវិញស្ថានភាពនេះ អ្នកបើកបរ និងម្ចាស់អាជីវកម្មខ្នាតតូច បានបង្ហាញនូវក្ដីព្រួយបារម្ភថា តម្លៃប្រេងឥន្ធនៈអាចនឹងឡើងថ្លៃជាបន្តទៀត ហើយក៏នឹងមានការប៉ះពាល់ជាច្រើនបន្ថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
អ្នកដឹកជញ្ជូនម្ហូបអាហារ និងអ្នកបើករថយន្តបានសម្ដែងនូវការបារម្ភថា ពួកគេនឹងពិបាកក្នុងការបំពេញការងារ ខណៈអ្នកខ្លះព្រួយបារម្ភថា បុគ្គលិកស្ថានីយប្រេងឥន្ធនៈអាចនឹងប្រឈមហានិភ័យការងារ។ មនុស្សជាច្រើន និយាយថា កង្វះខាតប្រេងឥន្ធនៈនេះ កើតឡើងនៅចំពេលតម្លៃប្រេង និងស្បៀងអាហារកើនឡើងខ្ពស់រួចទៅហើយ ។
ក្រុមហ៊ុនថាមពលរដ្ឋ ភើតាមីណា (Pertamina) របស់ឥណ្ឌូណេស៊ី ឱ្យដឹងថា ក្រុមហ៊ុនឯកជនលក់ប្រេងឥន្ធនៈរាយ Vivo Energy Indonesia នឹងទិញប្រេងសាំងចំនួន ៤ម៉ឺនបារ៉ែល ដើម្បីជួយសម្រាលកង្វះខាតនេះ ។
គួររម្លឹកថា កង្វះខាតស្តុកប្រេងឥន្ធនៈខាងលើនេះ បានកើតឡើងបន្ទាប់ពីមានបញ្ហាផ្គត់ផ្គង់នៅតាមស្ថានីយប្រេងជាច្រើន ក្រោយពេលរដ្ឋបានបើកការស៊ើបអង្កេតលើគុណភាពប្រេងឥន្ធនៈរបស់ក្រុមហ៊ុនភើតាមីណា (Pertamina) ដែលជាអ្នកផ្គត់ផ្គង់ប្រេងឱ្យក្រុមហ៊ុនឯកជនលក់រាយផ្សេងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ INP/ Viory/ TEMPO


