ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប​ ណែនាំដល់អាជ្ញាធរក្រុង​ ស្រុក យកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន​ ជាពិសេសកុមារដែលជាជនភៀសសឹក

image


សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគាំពារដល់កុមារ ជាពិសេសកុមារដែលជាជនភៀសសឹកកំពុងរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរបន្ថែមទៀត។ ការណែនាំដូចនេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការ សកម្មភាពកិច្ចការពារកុមារខេត្ត បញ្ហាប្រឈម និងទិសដៅបន្ត ដែលធ្វើឡើងនៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកស្រី ម៉ននី រង្សី បានលើកឡើងថា កន្លងទៅក៏ដូចជាបច្ចុប្បន្នក្រុមការងារកិច្ចការពារកុមារ ក្នុងខេត្តសៀមរាប មានការមមាញឹកខ្លាំងក្នុងការជួយដល់កុមារដែលជាមុខសញ្ញាប្រឈម កុមារងាយរងគ្រោះដែលសំដៅធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវសិទ្ធិពេញលេញដូចកុមារដទៃទៀតដែរ។ ប៉ុន្តែនៅក្នុងរយៈពេលនៃការឈ្លានពានរបស់ក្រុមទាហានថៃ ក្រុមការងាររបស់ខេត្តសៀមរាបក៏ទទួលបានការងារបន្ថែមទៀតក្នុងការទទួលជនភៀសសឹក ក្នុងនោះក៏មានកុមារផងដែរ។

លោកស្រី អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រុមការងារទាំងថ្នាក់ខេត្ត ទាំងថ្នាក់មូលដ្ឋាន សុទ្ធតែបានខិតខំបំពេញការងារ ហើយក្រុមនេះក៏រវល់ជាងបណ្តាខេត្តផ្សេងៗដែរ ព្រោះថាជាខេត្តទេសចរណ៍ គឺត្រូវប្រុងប្រយ័ត្នគ្រប់ពេលជាពិសេសបទល្មើសជួញដូរកុមារ។ ស្របពេលដែលយើងកំពុងមមាញឹកការឈ្លានពានពីសំណាក់ទាហានថៃមកលើកបូរណភាពទឹកដីកម្ពុជា បានបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ជម្លោះមកតាំងទីលំនៅនៅទីសុវត្ថិភាព ក្នុងនោះខេត្តសៀមរាប ក៏ជាកន្លែងទទួលបងប្អូនជនភៀសសឹកដ៏ធំមួយដែរ។

លោកស្រីបានបញ្ជាក់ថា ជនភៀសសឹកគាត់មក កូនៗគាត់តូចៗក៏មកតាមដែរ​ គាត់ខានរៀន កន្លែងស្នាក់នៅក៏ពិបាក​ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់។

សូមជម្រាបថា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែសីហា ២០២៥ នៅថ្ងៃទី២៧ ខែកញ្ញា ទាហានថៃ បាធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាចំនួន២លើក​ បុន្តែទាហានកម្ពុជាបានបន្តការអត់ធ្មត់ខ្ពស់ដោយមិនបានបាញ់តបតវិញទេ។ ព្រឹត្តិការណ៍ថ្មីនេះ បានបង្ខំឲ្យប្រជាជនកម្ពុជា បង្ខំចិត្តភៀសខ្លួនជាថ្មី ដែលគិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន​ ៨៦គ្រួសារ ស្មើនឹង២០៨នាក់ បានចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ធ្វើឱ្យចំនួនជនភៀសសឹកកើនដល់ចំនួន ១ ១៥៤គ្រួសារ ស្មើនឹង ៣ ៧០១នាក់ នៅទូទាំងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១ ១៥៤គ្រួសារខាងលើ កំពុងស្នាក់នៅទីតាំងសុវត្ថិភាពចំនួន​ ១៤១ទីតាំង ក្នុងនោះមាន ៦៥៦គ្រួសារ ស្មើនឹង ២ ១៥៤នាក់ កំពុងស្នាក់នៅតាមទីតាំងដែលរដ្ឋបាលក្រុងស្រុកបានរៀបចំ និងចំនួន ៤៩៨គ្រួសារ ស្មើនឹង ១ ៥៤៧នាក់ បានស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ៕


អត្ថបទ៖ ជា ស្រស់