«ពិព័រណ៍ផលិតផលខ្មែរ» ដែលទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងស្នេហាជាតិដ៏រឹងមាំ ក្នុងការគាំទ្រផលិតផលក្នុងស្រុក

ភ្នំពេញ៖ ប្រជាជនកម្ពុជា កំពុងបង្ហាញការគាំទ្រដែលមិនធ្លាប់មានពីមុនមកចំពោះផលិតផលផលិតក្នុងស្រុក ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងស្នេហាជាតិដ៏រឹងមាំ ដែលរំពឹងថា នឹងជំរុញឧស្សាហកម្មក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ប្រទេស។
កម្លាំងចលនាជាតិ គាំទ្រផលិតផលក្នុងស្រុកចាប់ផ្តើមផុលផុសយ៉ាងសម្បើមពីប្រជាជនកម្ពុជា ទាំងក្មេង ចាស់ ប្រុស ស្រីនាពេលនេះ គឺបន្ទាប់ពីមានការផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងការបិទច្រកព្រំដែនគោកដោយឯកតោភាគីពីយោធាថៃ។
មុនពេលមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ប្រជាជនកម្ពុជា ច្រើនណាស់ដែលនិយមគាំទ្រផលិតផលថៃ ប៉ុន្តែការផ្លាស់ប្តូរមកគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនខ្មែរនាពេលនេះ នឹងក្លាយជាខឿនការពារជាតិដ៏រឹងមាំនាពេលអនាគត ក្រោមពាក្យស្លោក «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។
យ៉ាងណាមិញ ក្នុងរយៈពេល ៣ថ្ងៃនៃកម្មពិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានអ្នកចូលរួមទស្សនា និងទិញទំនិញ រាប់ម៉ឺននាក់ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការៀបចំព្រឹត្តិការណ៍បែបនេះ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា៖ «ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ «ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត»។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.។
លោកស្រី ខុន សំណាង ស្ថាបនិកក្រវ៉ាន់ ខេមបូខា (Krovan Cambodia) បានឲ្យដឹងថា លោកស្រី បានចាប់ផ្តើមដំណើរការអាជីវកម្មផលិតគ្រឿងសម្អាង មានដូចជា សាប៊ូសូត សាច់ជូរធម្មជាតិ និងម៉្សៅចេក រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែមិនដែលឃើញការគាំទ្រខ្លាំងដូចពេលនេះនោះទេ ជាពិសេសនៅក្នុងពិព័រណ៍នេះ បើធៀបពីនឹងកម្មវិធីពិព័រណ៍ពីមុនគឺកើនឡើង ១០ដងឯណោះ។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំពិតមានអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះខ្ញុំលក់ផលិតផលខ្មែរ រយៈពេល ៥ឆ្នាំហើយ ខ្ញុំមិនដែលឃើញអតិថិជនផ្ទុះការគាំទ្រខ្លាំងដូចពេលនេះទេ។ ហើយអាចនិយាយបានថា ពីមុនបើសិនមានកម្មវិធីបែបនេះ យើងមិនដែលមានអតិថិជនកើនឡើងពី ៥ទៅ ១០ដងបែបនេះទេ»។
ទន្ទឹមនឹងមានការគាំទ្រផលិតផលខ្មែរយ៉ាងផុលផុសនេះ លោកស្រី ក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះផលិតផលនាំចូលមួយចំនួនត្រូវបានជនខិលខូចលួចក្លែងបន្លំ ជាផលិត ផលខ្មែរ ដើម្បីបំភាន់អតិថិជន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ លោកស្រី ក៏បានស្នើឲ្យក្រ សួង-ស្ថាប័នជំនាញពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ចំពោះករណីលួចក្លែងផលិតផលខ្មែរនេះ។
ចំណែក លោកស្រី អ៊ុក ច័ន្ទបូលីនដា ម្ចាស់អាជីវកម្មម្សៅលាងបន្លែផ្លែឈើ សូដាហ្វូដ (SODA FOOD) បានលើកឡើងថា ក្នុងរយៈពេល ៣ថ្ងៃនៃការចូលរួមពិព័រណ៍នេះ ផលិតផលរបស់គាត់មានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន មិនធ្លាប់មាន រហូតដល់ដាច់ស្តុក បន្ទាប់ពីពួកគេបានដឹងថា ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ។
លោកស្រី លើកឡើងថា៖ «ថ្ងៃទី១ និងថ្ងៃទី២ យើងទទួលបានការគាំទ្រខ្លាំងមែនទែនពីបងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសគាត់ដឹងថា ផលិតផលយើងជាផលិតផលខ្មែរសុទ្ធ ១០០% ផលិតនៅស្រុកខ្មែរហើយ វាមានគុណភាពក្នុងការប្រើប្រាស់។ យើងអាចនិយាយបានថា មានការគាំទ្រភ្លូកទឹកភ្លូកដីរហូតដល់យើងដាច់ស្តុកតែម្តង អត់មានឥវ៉ាន់លក់»។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះ មានស្តង់តាំងបង្ហាញផលិតផលចំនួន ២៨៣ស្តង់ ដែលមានការដាក់តាំងបង្ហាញមុខទំនិញ និងសេវាកម្មក្នុងស្រុករាប់រយមុខ ដែលរាប់ចាប់តាំងពីម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារប្រើប្រាស់ គ្រឿងសម្អាង និងផលិតផលផ្សេងៗជាច្រើនទៀត៕




















