អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមបិទកម្មពិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ»

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ» បានប្រព្រឹត្តទៅយ៉ាងអធិកអធម ជាមួយវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើវេទិកាពិភាក្សាដ៏មានអត្ថន័យ ក្រោមប្រធានបទ «ខ្មែរធ្វើបាន»។
កិច្ចពិភាក្សានេះដែលមានរយៈពេល ១ ម៉ោង បានប្រព្រឹត្តទៅយ៉ាងផុសផុល និងជក់ចិត្តជាខ្លាំង ដោយសារតែ សង្ឃដីកា និងប្រសាសន៍ដ៏មានអត្ថន័យ របស់ព្រះវាគ្មិន និងវាគ្មិនទាំងពីរអង្គ/រូប បានលើកឡើងនូវទស្សនៈ និងការយល់ឃើញដ៏សំខាន់ៗ ដើម្បីជំរុញ និងគាំទ្រផលិតផលខ្មែរ ព្រមទាំងលើកទឹកចិត្តដល់ស្មារតី «ខ្មែរធ្វើបាន» ក្នុងចំណោមអ្នកចូលរួម និងសាធារណជន។
វត្តមានរបស់ព្រះអង្គ និងឯកឧត្តម បានធ្វើឱ្យវេទិកានេះកាន់តែមានភាពទាក់ទាញ និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះវាជាឱកាសមួយដ៏កម្រដែលឥស្សរជនសំខាន់ទាំងពីររូបបានរួមគ្នាពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ។
នាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញប្រគល់លិខិតថ្លែងអំណរគុណដល់ដៃគូសហការ គាំទ្រ និងឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមហ៊ុនជាដៃគូ រួមទាំងវាគ្មិនទាំងអស់ រួមមានក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាបងប្អូនជាអ្នកផលិតមាតិកា ដែលបានផ្ដល់ការឧបត្ថម្ភ គាំទ្រ និងកិច្ចសហការយ៉ាងល្អ ធ្វើឱ្យកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» រយៈពេល ៣ ថ្ងៃ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមស្មារតីសាមគ្គីភាពដ៏ស្អិតរមួត។
សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងពាក់ព័ន្ធ ដែលមានការគាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L)។ កម្មវិធីនេះ នឹងមានរៀបចំតាំងបង្ហាញផលិតផលខ្មែរ ការចែករម្លែកចំណេះដឹង បទពិសោធ និងទស្សនៈ ក៏ដូចជាការតាំងបង្ហាញស្មារតីខឿនការពារជាតិប្រជាជនផងដែរ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់ និងប៉ក់ សុឃីម
















