សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំប្រជុំលើកដំបូង ដើម្បីស្តាប់របាយការណ៍ការងាររបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅនៅអង្គភាពប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំលើកទី១ បានអនុវត្តនីតិវិធីការងាររបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) និងបានអនុម័តលើរបៀបវារៈសម្រាប់កិច្ចប្រជុំ។ ជាមួយគ្នានេះ កិច្ចប្រជុំបានស្តាប់របាយការណ៍ការងាររបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងបានបើកការពិភាក្សាឱ្យប្រធានអង្គភាព ពន្យល់ ឬបង្ហាញលម្អិតករណីនានា ឬពីការស៊ើបអង្កេតទាំងមូល។ ក្រៅពីនេះ កិច្ចប្រជុំ ក៏បានផ្តល់អនុសាសន៍ និងយោបល់ ព្រមទាំងដំណោះស្រាយ ជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយវិញ ។
សម្រាប់កិច្ចប្រជុំនេះ មានរបៀបវារៈ ២ ធំៗ ដែលត្រូវបានយកមកពិនិត្យ គឺ ទី១៖ ផែនការយុទ្ធសាស្ត្រ និងនយោបាយប្រឆាំងអំពើពុករលួយ និងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ (២០២៥-២០៣០) និងទី២៖ របាយការណ៍ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់-UNCAC) ជុំទី២។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានដើរតួរជាវចនានុក្រមច្បាប់ និងជាអ្នកប្រឹក្សាច្បាប់ ឬផ្តល់យោបល់លើករណីលំបាកស្មុគ្រស្មាញអំពីកិច្ចការអនុវត្តច្បាប់ថែមទៀតជូន និងតាមសំណើសុំរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ចំពោះព័ត៌មានស្តីពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា មុនពេលប្រឡង ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានស្រាវជ្រាវភ្លាមៗ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះកង្វល់របស់បណ្តាញសង្គម។ ជាលទ្ធផល អង្គភាពប្រឆាំងអំពើពុករលួយ មិនបានរកឃើញថា មានការចេញ ឬបែកធ្លាយវិញ្ញាសាគណិតវិទ្យា មុនម៉ោងប្រឡងឡើយ។ ប្រការនេះ បានធ្វើឱ្យការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានដំណើរការប្រកាសក្រោមការសាទរពីទូទាំងប្រទេស។
អង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់បានបិទការស៊ើបអង្កេតរឿងនេះទាំងស្រុងនៅឡើយទេ៕
អត្ថបទ៖វង សុភ័ក្ត្រ










