លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអនុញ្ញាតឱ្យក្រុមការងារប្រតិបត្តិសមាគម សមាជិកយុវទូតសុច្ឆន្ទ: និងនាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយក្រុមការងារគណៈប្រតិបត្តិសមាគម ជាសមាជិកយុវទូតសុច្ឆន្ទៈ និងជានាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស នៅវិមានរដ្ឋសភា។
ថ្លែងក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដល់ប្រធានក្រុមប្រឹក្សាភិបាល និងសហការីទាំងអស់ និងបានកោតសរសើរដល់គណៈគ្រប់គ្រង និងសហការី ដែលមានគំនិតផ្តួចផ្តើម ក្នុងការសុំជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ សមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”។
លោកកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងការគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមសហព័ន្ធនិស្សិតនៅបរទេស ដែលមានគោលដៅជំរុញឧត្តមភាពសិក្សា ការទូត សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជាជុំវិញពិភពលោក ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតចំនួន ៤របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមមាន៖
១. ជំរុញការអភិវឌ្ឍវិស័យអប់រំ និងវិជ្ជាជីវៈសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅបរទេស
២. កសាងធនធានមនុស្សដែលមានជំនាញ និងចំណេះដឹង
៣. ពង្រឹងបណ្តាញអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍
៤. ជាបណ្តាញធុរកិច្ច និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រ លោកអនុប្រធានទី១ រដ្ឋសភា សូមយកឱកាសនេះ សំដែងការថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ជាការកត់សម្គាល់ ក្នុងរយៈពេលជាង២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ និងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល បាននិងកំពុងដើរលើគន្លងដ៏វិជ្ជមានមួយ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់ថា អាណត្តិនៃរដ្ឋសភា នីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួល នូវតំណែងដ៏ឧត្តុង្គឧត្តមនេះ។ ក្នុងមុខងារជាតំណាង និងការតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា បានចុះបំពេញកិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវសំណូមពរមួយចំនួនព្រមទាំងសំណើផ្សេងៗ របស់ប្រជាជន ដូចជា បញ្ហាគ្រោះរាំងស្ងួត រកទីផ្សារកសិផល ជម្លោះដីធ្លី អន្តរាគមន៍ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាក ករណីណាដែលតំណាងរាស្រ្តនឹងអាចមានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋបាន ឯករណីណាដែលមិនអាចដោះស្រាយជូនបាន នឹងជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចជួយដោះ ស្រាយបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាដើម។
ក្រៅពីនេះ រដ្ឋសភាបានពង្រឹងការងារការទូតសភា តាមរយៈការបំពេញទស្សនកិច្ចជាផ្លូវការ ទ្វេភាគី ឬពហុភាគី ចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រីឯមុខងារនីតិកម្មវិញ តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋសភា បានពិភាក្សា និងអនុម័តច្បាប់បាន៦៧៨ ច្បាប់ សម្រាប់ប្រើប្រាស់ និងការអភិវឌ្ឍប្រទេសជាតិ។
ជាពុទ្ឋិក្នុងការត្រិះរិះពិចារណា លោកកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា សូមចូលរួមជាសំណូមពរ និងបានផ្តល់នៅអនុសាសន៍គន្លឹះមួយចំនួន ដល់ប្រធានក្រុមប្រឹក្សាភិបាល និងសហការី ផងដែរ៕





