សេតវិមាន ប្រកាសផែនការ ២០ចំណុចដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅតំបន់ហ្គាហ្សា

សហរដ្ឋអាម៉េរិក៖ កាលពីដើមសប្ដាហ៍នេះ សេតវិមាន បានប្រកាសពីផែនការ ២០ចំណុចធ្វើឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្រោមគោលបំណងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា (Gaza) ។
ផែនការទាំង ២០ចំណុចនោះ រួមមាន៖
១. តំបន់ហ្គាហ្សានឹងជាតំបន់ដែលគ្មានភេរវនិយម និងមានសុវត្ថិភាពសម្រាប់ប្រទេសជិតខាង ។
២. អភិវឌ្ឍតំបន់ហ្គាហ្សាឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនដែលរងទុក្ខជាយូរណាស់មកហើយ ។
៣. ត្រូវតែបញ្ចប់សង្គ្រាមភ្លាមៗប្រសិនបើភាគីទាំងសងខាងយល់ស្រប ។
៤. ក្រុមហាម៉ាស់ត្រូវប្រគល់ចំណាប់ខ្មាំងទាំងអស់ឱ្យអ៊ីស្រាអ៊ែលវិញ មិនថារស់ ឬស្លាប់ ក្រោយ៧២ម៉ោងដែលអ៊ីស្រាអ៊ែលទទួលយកផែនការនេះជាសាធារណៈ ។
៥. ក្រោយទទួលបានចំណាប់ខ្មាំងទាំងអស់រួចហើយ អ៊ីស្រាអ៊ែលត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីន រួមទាំងស្ត្រី និងកុមារឱ្យត្រឡប់ទៅវិញ ។
៦. បន្ទាប់ពីទទួលបានអ្នកទោសត្រឡប់ទៅវិញហើយ ក្រុមហាម៉ាស់ត្រូវប្តេជ្ញាចិត្តដើម្បីសន្តិភាព ទម្លាក់អាវុធ និងទទួលបានសុវត្ថិភាព ឬការលើកលែងទោសចំពោះទង្វើនាពេលកន្លងមក ។
៧. ជំនួយមនុស្សធម៌នឹងហូរចូលភ្លាមៗទៅដល់តំបន់ហ្គាហ្សា នៅពេលក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងនេះ ។
៨. ជំនួយនឹងត្រូវបានចែកចាយតាមរយៈអង្គការសហប្រជាជាតិ អឌ្ឍចន្ទក្រហម និងភ្នាក់ងារអព្យាក្រឹតផ្សេងទៀត ដោយគ្មានការជ្រៀតជ្រែកពីភាគីជម្លោះទាំងពីរឡើយ ។
៩. តំបន់ហ្គាហ្សា នឹងស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នដោយគណៈកម្មាធិការអព្យាក្រឹតប៉ាឡេស្ទីនដែលត្រួតពិនិត្យដោយក្រុមប្រឹក្សាអន្តរជាតិ ។
១០. រៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសហរដ្ឋអាម៉េរិក ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ និងបង្កើតការងារ និងក្ដីសង្ឃឹមសម្រាប់តំបន់ហ្គាហ្សានាពេលអនាគត ។
១១. បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយមានការលើកទឹកចិត្តផ្នែកពន្ធពាណិជ្ជកម្មជាមួយប្រទេសដែលចូលរួម ។
១២. គ្មានការបង្ខិតបង្ខំនរណាម្នាក់ឱ្យចាកចេញ ឬស្នាក់នៅតំបន់ហ្គាហ្សានោះទេ ឬមានន័យថា មនុស្សគ្រប់គ្នា ទទួលបានសេរីភាពគ្រប់គ្រាន់ ដោយពួកគេនឹងទទួលបានការលើកទឹកចិត្តឱ្យស្នាក់នៅ និងទទួលបានឱកាសការងារដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ ឱ្យកាន់តែប្រសើរឡើង ។
១៣. ក្រុមហាម៉ាស់ និងបក្សពួក នឹងយល់ព្រមក្នុងការមិនគ្រប់គ្រងតំបន់នេះឡើយ ដោយរបបគ្មានយោធាត្រូវបានអនុវត្ត ជាមួយនឹងការបំផ្លាញផ្លូវរូងក្រោមដី និងទីតាំងផលិតអាវុធ ដោយមិនមានការកសាងឡើងវិញនោះទេ។ តំបន់ហ្គាហ្សាថ្មីនឹងមានតែពាក្យថា «កសាងសេដ្ឋកិច្ច និងសន្តិភាពជាមួយអ្នកជិតខាង» ។
១៤. ប្រទេសជាដៃគូផ្សេងទៀតនៅក្នុងតំបន់ នឹងចូលរួមពិនិត្យដើម្បីធានាថាក្រុមហាម៉ាស់ និងបក្សពួកគោរពតាមកាតព្វកិច្ច និងដើម្បីប្រាកដថា ហ្គាហ្សាថ្មីនឹងមិនបង្កការគំរាមកំហែងដល់អ្នកជិតខាង ឬប្រជាជនរបស់ខ្លួនឡើយ ។
១៥. សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយប្រទេសអារ៉ាប់ និងដៃគូអន្តរជាតិ ដើម្បីបង្កើតកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិបណ្តោះអាសន្ន (ISF) ហើយនឹងពិគ្រោះយោបល់ជាមួយហ្ស៊កដានី និងអេហ្ស៊ីបដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ ដើម្បីបណ្តុះបណ្តាលនគរបាលប៉ាឡេស្ទីន និងការពារព្រំដែន ខណៈដែលកម្លាំងនេះនឹងជាដំណោះស្រាយសន្តិសុខផ្ទៃក្នុងរយៈពេលវែង។ លើសពីនេះ ISF នឹងធ្វើការជាមួយអ៊ីស្រាអ៊ែល និងអេហ្ស៊ីប ដើម្បីជួយការពារតំបន់ព្រំដែន រួមជាមួយនឹងកងកម្លាំងមន្ត្រីនគរបាលប៉ាឡេស្ទីនដែលទើបបណ្តុះបណ្តាលថ្មីៗ ។
១៦. អ៊ីស្រាអ៊ែល នឹងមិនអាចគ្រប់គ្រង ឬកាន់កាប់តំបន់ហ្គាហ្សាបាននោះទេ និងដកកម្លាំងចេញដោយប្រគល់ឱ្យ ISF ។
១៧. ប្រសិនបើក្រុមហាម៉ាស់ពន្យារពេល ឬបដិសេធ នោះជំនួយត្រូវបន្តសម្រាប់តំបន់រំដោះគ្រប់គ្រងដោយ ISF ។
១៨. ដំណើរការកិច្ចសន្ទនាអន្តរជំនឿដើម្បីលើកទឹកចិត្តឱ្យមានការយោគយល់គ្នា និងកាត់បន្ថយការស្អប់ខ្ពើមរវាងប្រជាជន ជាមួយនឹងការបើកចំហខាងសាសនា ។
១៩. ក្រោយអាជ្ញាធរប៉ាឡេស្ទីនបញ្ចប់កំណែទម្រង់ដោយជោគជ័យ ជាមួយនឹងការអភិវឌ្ឍន៍តំបន់ហ្គាហ្សាឡើងវិញ វានឹងក្លាយជាកូនសោដែលអាចនាំទៅរកឯករាជ្យភាពរបស់ប៉ាឡេស្ទីននាពេលអនាគត ។
២០. សហរដ្ឋអាម៉េរិកសម្របសម្រួលកិច្ចសន្ទនានយោបាយរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនសម្រាប់ការរួមរស់ជាមួយគ្នាយូរអង្វែង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Al Jazeera/ Reuters Connect | រូបភាព-Photo៖ CNN/ Viory/ Yousef Al Zanoun via AP/ Palestine Awareness Coalition Wordpress



