ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ បានស្ងប់ស្ងាត់ទៅវិញ គិតត្រឹមម៉ោង១១:៣០នាទី ខណៈពេលព្រឹកមានទាហានថៃនាំអ្នកវាស់ដីចូលកៀកបង្គោលព្រំដែនលេខ ៤៦

បន្ទាយមានជ័យ៖ ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានស្ងប់ស្ងាត់ទៅវិញ គិតត្រឹមម៉ោង១១:៣០នាទី០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ កាលពីម៉ោងជាង៨ព្រឹកមានទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ បំណងចង់វាស់ដីនៅចំណុចចម្ការអំពៅ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមនឹងវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនោះផ្ទាល់ បានចូលមកតវ៉ា រារាំង និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វេីសកម្មភាពវាស់ដីបាននោះទេ។
ទោះស្ថានភាពស្ងប់ស្ងាត់ទៅវិញក៏ដោយក៏កងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ នៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់យោធាថៃ។
សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតតវ៉ាទៅកាន់អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដោយប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ បានលើកឡើងថាពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកសួង ខេត្តស្រះកែវ ប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖
១. ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃ គណៈកម្មការចំរុះព្រំដែន (JBC)។
២. ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន (JBC)។
ក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕









