ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស១៣នាក់នៅវៀតណាម និង២០នាក់នៅហ្វីលីពីន ខណៈព្យុះទីហ្វុងប៊ូឡូយកំពុងរំកិលខ្លួនទៅកាន់ប្រទេសឡាវ

image


វៀតណាម៖ ព្យុះទីហ្វុងប៊ូឡូយ (Bualoi) បានវាយប្រហារលើប្រទេសវៀតណាមកាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ដោយបណ្តាលឱ្យមានខ្យល់បោកបក់ ទឹកជំនន់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។ គ្រោះមហន្តរាយធម្មជាតិនេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ និង ៤៦នាក់ទទួលរងរបួស ខណៈ ២១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។

មុនពេលបោកបក់ទៅដល់ប្រទេសវៀតណាម ព្យុះប៊ូឡូយ (Bualoi) ឬស្គាល់ថាជាព្យុះទីហ្វុងអូប៉ុង (Opong) ក្នុងប្រទេសហ្វីលីពីន បានឆក់យកអាយុជីវិតមនុស្សជាង ២០នាក់ និងមនុស្សប្រហែល ១១៦,០០០នាក់បានផ្លាស់ទីលំនៅ។ ក្រោយមក ព្យុះទីហ្វុងនេះ បានចុះខ្សោយឥទ្ធិពលទៅជាព្យុះត្រូពិច ហើយបានរំកិលបន្តចូលទៅកាន់ប្រទេសឡាវ ។

ក្រៅពីជនរងគ្រោះ ក៏មានការខូចខាតលំនៅដ្ឋាន បាក់រលំដំបូលផ្ទះ ទឹកជំនន់ជន់លិចនៅតាមដងផ្លូវ ដោយធ្វើឱ្យអណ្ដែតរបស់របរជាច្រើនរបស់អ្នកស្រុក ខណៈការខូចខាតបណ្ដាញអគ្គិសនី បានកាត់ផ្ដាច់ការផ្គត់ផ្គង់ដល់លំនៅដ្ឋានពលរដ្ឋជាង ៣៤៧,០០០ គ្រួសារក្នុងប្រទេសវៀតណាម ។

ទន្ទឹមនឹងនោះ អ្នកស្រុកនៅតំបន់រងគ្រោះ រួមទាំងខេត្តង៉ិអាង (Nghe An) បានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះ កសិដ្ឋានសត្វចិញ្ចឹម និងដើមឈើហូបផ្លែ ស្របពេលក្រុមគ្រួសារជាច្រើនត្រូវអាជ្ញាធរជម្លៀសចេញទៅកាន់ទីតាំងសុវត្ថិភាព ហើយមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters Connect | រូបភាព-Photo៖ Thinh Nguyen via REUTERS