ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ វិនិយោគិនដែលវិនិយោគក្នុងភូមិភាគឦសាន អាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយពីរាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ

image


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងថា វិនិយោគិនដែលវិនិយោគក្នុងភូមិភាគឦសាន អាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសពីរាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ, ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ក្នុងទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និងវិនិយោគិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើនរូប នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណងបន្តផ្សព្វផ្សាយអំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨, ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងភូមិភាគឦសាន តាមរយៈបទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និងពិគ្រោះយោបល់ដោយផ្ទាល់រវាងវិនិយោគិន និងក.វ.ឦសាន និងតំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការវិនិយោគ។

ថ្លែងក្នុងវេទិកានេះ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅក្នុងបរិការណ៍បច្ចុប្បន្នរបស់វិនិយោគិន ព្រមទាំងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្ដល់ការសម្រួល និងភាពកក់ក្ដៅជាអតិបរមា ជូនវិនិយោគិន ដើម្បីជំរុញឱ្យកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តនៅភូមិភាគឦសាន ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ បានបន្តថា ការបន្តពង្រឹងយន្តការ «សេវាច្រកចេញចូលតែមួយ» ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្ម របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធី ពិនិត្យ អនុម័ត និងតាមដានការអនុវត្តគម្រោងវិនិយោគ ក៏ដូចជាលុបបំបាត់ការចំណាយធនធានមិនចាំបាច់ និងភាពយឺតយ៉ាវខាងផ្នែកនីតិវិធី និងរដ្ឋបាល ដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន, ការពង្រឹងសមត្ថភាពតួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាល និងមន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិនានាពាក់ព័ន្ធនឹងការវិនិយោគ និងសក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមទៀតថា ការជំរុញការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និងការរក្សាទំនាក់ទំនងសកម្មរវាង ក.វ.ឦសាន, រដ្ឋបាល និងមន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និងវិនិយោគិនជាតិ និងអន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រដែលការពារ និងធានានិរន្តរភាពនៃការវិនិយោគនៅភូមិភាគឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមានលក្ខណៈជាកញ្ចប់ និងប្រទាក់ក្រឡាប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ទន្ទឹមនេះ, ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ការវិនិយោគក្នុងភូមិភាគឦសាន អាចធ្វើឡើងក្នុងទំហំវិនិយោគចាប់ពី ១០ម៉ឺនដុល្លារអាម៉េរិកឡើងទៅ។ លើសពីនេះទៀត, ការគាំទ្រនិងការសម្រួលនីតិវិធីវិនិយោគនានា នៅភូមិភាគឦសាន នឹងត្រូវអនុវត្តក្រោមយន្តការ «ច្រកចេញចូលតែមួយ» របស់ ក.វ.ឦសាន ដែលផ្តល់ការពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ក៏ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជូនគម្រោងវិនិយោគ តាមរយ:ការសម្រេចជាកញ្ចប់រួមគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា វេទិកានេះ បានស្តែងឱ្យឃើញនូវចំណាប់អារម្មណ៍ខ្ពស់របស់វិនិយោគិនជាតិ-អន្តរជាតិ ចំពោះសក្តានុពល និងលក្ខណៈអំណោយផលនៃបរិយាកាសវិនិយោគនៅភូមិភាគឦសាន ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិនិយោគ និងការអភិវឌ្ឍភូមិភាគឦសាន។ ក្នុងបរិការណ៍នៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជា បានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងផុសផុល ដែលឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការលើកស្ទួយការផលិត និងការកែច្នៃ សម្រាប់ទីផ្សារក្នុងស្រុកផង និងទីផ្សារអន្តរជាតិផង, ព្រមទាំងបង្កើតការងារកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា៕


អត្ថបទ៖ ចេង ឆហួត