ព័ត៌មានអន្តរជាតិ

សភាពាណិជ្ជកម្មកម្ពុជា ទទួលស្វាគមន៍សមាជិកថ្មីចំនួន ៤៣ក្រុមហ៊ុនបន្ថែមទៀត

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីស្វាគមន៍ និងសំណេះសំណាលជាមួយសមា ជិក-សមាជិកាថ្មីលើកទី៣៤ មានចំនួន ៤៣ក្រុមហ៊ុនបន្ថេមទៀត មកពីឧស្សាហកម្មពហុវិស័យ។

ពិធីស្វាគមន៍នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានចូលរួមពីពាណិជ្ជករ-អាជីវករ និងសមាជិក-សមាជិការបស់សភាពាណិជ្ជកម្មកម្ពុជា នៅសភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីប្រវត្តិនៃការបង្កើតឡើងសភាពាណិជ្ជកម្ម តួនាទីស្នូល និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា អគ្គនាយក បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជួយអភិវឌ្ឍន៍ដល់វិស័យឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។

លើសពីនេះទៅទៀត ឧកញ៉ា ងួន ម៉េងតិច គូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ ជូនវិស័យឯកជន លើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធុនធំ គ្រប់វិស័យទាំងអស់ នៅទូទាំងប្រទេស អាចចូលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាបាន។ សភាពាណិជ្ជកម្ម បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្ករលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើង៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់