ទូតបារំាង ថា រដ្ឋាភិបាលបារាំង បានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា -ថៃ ជាប្រចាំ និងបានគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី

ភ្នំពេញ៖ នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, លោក អូលីវីយ៉េ រីឆាដ OLIVERRI- CHARD ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ លោក អះអាងថា បារំាង គំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់លោកប្រធានាធិបតីបារំាង ក៏ដូច ជាពលរដ្ឋបារំាង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗ នៅក្រោយការឈ្លានពាន បានកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រធានាធិបតីបារំាង លោក អេម៉ានុយអែល ម៉ាក្រុង បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថា ជម្លោះ នឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេ ភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ ម្តងហើយម្តងទៀត។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជារឿងថ្មីទេ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធមិន ប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថៃ ប្រើប្រាស់ ផែនទីឯកតោភាគី។
សម្តេច បានគូសបញ្ជាក់ថា កម្ពុជាប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែន ទៅជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូនលោក អេម៉ានុយអែល ម៉ាក្រុង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសង្ឃឹមថា ជម្លោះនេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងលោក អូលីវីយ៉េ រីឆាដ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្រ្ត នៃប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយ។
លោកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ២០២៦ ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប។ តាមរយៈដំណើរទស្សនកិច្ចនេះ បារំាង នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ជាដើម។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា នឹងបង្ហាញពីឱកាសពិសេសមួយក្នុងការលើកកម្ពស់ភាពជាដៃគូបន្ថែមទៀត និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចបានកត់សម្គាល់ថា ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នាពេលកន្លងមក ក្នុងនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅបារំាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបំពេញទស្សនកិច្ចនៅបារំាង ហើយសម្តេចប្រធានរដ្ឋសភាផ្ទាល់ ក៏បានបំពេញទស្សនកិច្ចនៅបារំាងកាលពីឆ្នាំ២០២៤។ នៅក្នុងខែតុលាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ក៏នឹងធ្វើទស្សនកិច្ចនៅបារំាងម្តងទៀត ដើម្បីចូលរួមវេទិកាអន្តរជាតិនិយាយអំពីសន្តិភាព។
សម្តេចរដ្ឋសភាធិបតី បានបន្តថា រដ្ឋសភាកម្ពុជា និងបារំាង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាបារាំង បានគំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល និងបានផ្តល់ឱកាសជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្លាស់ប្តូរបទពិសោធន៍ការងារ រយៈពេលខ្លីនៅរដ្ឋសភាបារំាង ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានស្នើជូនលោកឯកអគ្គរដ្ឋទូតបារំាង ជំរុញការវិនិយោគពីបារំាង មកកម្ពុជាឱ្យបានច្រើន ដូចជាការ បង្កើតឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ឡើងវិញ ជំរុញការវិនិ យោគវិស័យសុខាភិបាល និងបង្កើនការផ្តល់អាហារូបករណ៍ដើម្បីសិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅបារំាងផងដែរ៕
អត្ថបទ៖ វង សុភ័ក្ត្រ





