ព័ត៌មានអន្តរជាតិ

ដួលរលំសាលារៀននៅកោះជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី ស្លាប់សិស្សម្នាក់ និងរបួសរាប់សិបនាក់

image


ឥណ្ឌូណេស៊ី៖ មានហេតុការណ៍ដួលរលំអគារកម្ពស់បីជាន់នៅក្នុងសាលាអ៊ីស្លាម អាល់ ខូហ្ស៊ីនី (Al Khoziny) ក្នុងទីក្រុងប៊ូឌូរ៉ាន់ (Buduran) កោះជ្វាខាងកើត កាលពីថ្ងៃចន្ទ អំឡុងសិស្សកំពុងថ្វាយបង្គំ ដោយឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសិស្សម្នាក់ស្លាប់ និង៧៩នាក់ផ្សេងទៀតរងរបួស ដោយអាជ្ញាធរ ព្រួយបារម្ភថា មនុស្សជាច្រើនអាចនឹងជាប់គាំងនៅក្រោមគំនរបាក់បែក ។

ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះ ខណៈសមត្ថកិច្ច ឱ្យដឹងថា មានសិស្សប្រហែល ១០០នាក់ស្ថិតនៅខាងក្នុងអគារសាលានោះ នៅពេលការដួលរលំបានកើតឡើង ។

អាជ្ញាធរ បានធ្វើការសន្និដ្ឋានថា អគារនេះ ទំនងជាកំពុងស្ថិតនៅក្រោមការពង្រីកដោយមិនមានការអនុញ្ញាតត្រឹមត្រូវជាមុនឡើយ។ អាជ្ញាធរ ក៏បានបង្ហាញនូវការព្រួយបារម្ភដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈសាកសពជាច្រើនទៀតត្រូវគេប្រទះឃើញនៅក្រោមគំនរបាក់បែក ។

សោកនាដកម្មនេះ បានបន្ថែមនូវក្ដីព្រួយបារម្ភកាន់តែខ្លាំង អំពីសុវត្ថិភាពនៃបទដ្ឋានសំណង់មិនត្រឹមត្រូវនៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានករណីបាក់រលំអគារមួយកន្លែងផ្សេងទៀតកាលពីពេលថ្មីៗនេះ នៅឯកោះជ្វាខាងលិច ដោយបានសម្លាប់មនុស្ស ៣នាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters Connect | រូបភាព-Photo៖ REUTERS/Stringer/ Dipta Wahyu TPX IMAGES OF THE DAY via REUTERS