ព័ត៌មានជាតិ

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពត អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម​សម្អាតសោភ័ណភាពបរិស្ថាន រក្សាកំណើនទេសចរ

image



កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំពតជាខេត្តទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរចន្លោះពី ៣ម៉ឹន ៥ពាន់នាក់ ទៅជាង ៤ម៉ឹននាក់ក្នុងមួយសប្តាហ៍។ ដូចនេះកត្តាអនាម័យបរិស្ថាន សោភ័ណភាព ទេសភាព និងបរិយាកាស គឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងរក្សាបាននូវកំណើនភ្ញៀវទេសចរ។ ការលើកឡើងដូចនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសំអាតអនាម័យបរិស្ថានប្រចាំឆមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។​

លោកអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមសម្អាតបរិស្ថានជាបន្តបន្ទាប់ និងបង្កើនបរិស្ថានបៃតង ដែលវាជាគន្លឹះសំខាន់ក្នុងការរក្សាក្រុងកំពតឱ្យជាទីក្រុងស្អាត រំដួល៣ទង និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ជាមួយគ្នានេះ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានធ្វើរបាយការណ៍លទ្ធផលការងារប្រចាំនព្វមាស ដោយបង្ហាញពីកិច្ចខិតខំរបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធនាការសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលល្អ។ ការសម្អាតអនាម័យបរិស្ថានគឺជាកិច្ចការទូទៅមិនអាចខ្វះបានទេ ហើយបច្ចុច្បន្នមន្ទីរបាននិងកំពុងបន្តអនុវត្តយុទ្ធនាការទាំងបីរបស់ក្រសួង រួមមាន យុទ្ធនាការថ្ងៃនេះថ្ងៃស្អែក ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ, យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការដងផ្លូវជាតិស្អាត។ លោកបានចាត់ទុកការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នឹងធ្វើឱ្យខេត្តកំពតកាន់តែមានសោភ័ណភាព និងមានទាក់ទាញភ្ញៀវទេសចរជាងមុន។

លោក សារុន សំបូរ អគ្គនាយករងក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អាជ្ញាធរខេត្តកំពត លើកិច្ចការងារលើកកម្ពស់អនាម័យបរិស្ថានបានល្អប្រសើរ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ការពារ អភិវឌ្ឍនិងសង្គម)។ ដូចនេះត្ថូវបន្តរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយផ្តោតលើ (ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត) ដើម្បីបន្តការរស់រាននៅលើផែនដី៕




អត្ថបទ៖ វង្ស សុធារម្យ