សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ ក្នុងស្មារតីនេះ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច បានគោលដៅ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក"។ ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងលិខិតផ្ញើជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងលិខិតដែលបានចះុថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ របស់សម្តេចបវរធិបតី បានលើកឡើងថា " ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន"។
សម្តេចបវរធិបតី បានលើកឡើងបន្តថា "ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី១ នៅឆ្នាំ ២០២១ ។ ជាការពិតណាស់ ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី២ នៅឆ្នាំ ២០៤៩ ក្នុង ពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ គំនិតផ្តួចផ្តើមចម្បងៗ ដែលលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និង ចីរភាពសកល"។
សម្តេចបវរធិបតី ក៏បាជូនពរឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនឲ្យទទួលបាន នូវសុខភាព ល្អបរិបូណ៌ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្ត ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ


