ចិន-កូរ៉េខាងជើង ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសន្តិភាពក្នុងតំបន់ និងផលប្រយោជន៍ប្រជាជន

ចិន-កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son Hui) នៅឯរដ្ឋធានីប៉េកាំង កាលពីចុងសប្ដាហ៍កន្លងទៅ ដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រីក្នុងរយៈពេលមួយខែ ។
ភាគីទាំងពីរប្រជាជាតិ បានព្រមព្រៀងគ្នាក្នុងការរក្សា ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេ ដោយនិយាយថា នេះគឺជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយរយៈពេលវែងរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាងលោកប្រធានាធិបតី Xi Jinping និងលោក Kim Jong Un នៅទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំទាំងពីរបានកំណត់ទិសដៅថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី ។
លោក Wang បានពណ៌នាទំនាក់ទំនងចិន-កូរ៉េខាងជើង ថាជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានកសាងឡើងដោយមេដឹកនាំកាលពីអតីតកាល ហើយបាននិយាយថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ នឹងធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង និងជួយលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ។
ក្នុងពេលដំណាលគ្នា លោកស្រីឆូ (Choe) ឯណោះវិញ បានលើកឡើងថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិនជុំវិញបញ្ហាអន្តរជាតិ ប្រឆាំងនឹងសកម្មភាពឯកតោភាគី និងការប្រើប្រាស់អំណាចលើរឿងនយោបាយ និងគាំទ្រការកសាងសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ South China Morning Post/ Yue Yuewei/Xinhua via AP/ istockphoto


