ម្នាក់ធ្លាក់ពីលើជាន់ទី២ រងរបួសធ្ងន់ ចំណែកម្នាក់ទៀតស្លាប់ក្នុងបន្ទប់

រាជធានីភ្នំពេញ ៖ ជនជាតិឥណ្ឌូនេសុី ២នាក់ ឈ្លោះប្រកែកគ្នា រហូតឈានដល់ការកាប់ និង ចាក់គ្នា បណ្តាលអោយ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្នុងបន្ទប់ ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនជាតិឥណ្ឌូនេសុីទាំង២នាក់ មិនទាន់ស្គាល់ឈ្មោះ ដោយម្នាក់ មានអាយុជាង២០ឆ្នាំ រីឯម្នាក់ទៀត វ័យប្រហែល ៣០ឆ្នាំ ។
យោងតាមប្រភពព័ត៍មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា ៖ មុនកើតហេតុ ប្រជាពលរដ្ឋបានឮសម្លេងឈ្លោះប្រកែកគ្នាចេញពីបន្ទប់ជួលជាន់ទី២ យ៉ាងខ្លាំង ។
ភ្លាមៗនោះ អ្នកភូមិក្បែរទីតាំងកើតហេតុ ក៏នាំគ្នារត់ទៅមើល ក៏ប្រទះឃើញ ជនជាតិបរទេសទាំង២នាក់ បានឈរ ប្រតាយប្រតប់គ្នារហូតបង្កអោយ បុរសម្នាក់ធ្លាក់ចុះពីជាន់ទី២ មកលើដំបូលផ្ទះស័ង្កសី ។ ស្របពេលនោះ បុរសដែលធ្លាក់មកលើតំបូលស័ង្កសី ក៏បានរត់ចុះមកក្រោម ហើយឡើងតាមកាំជណ្តើរ ទៅលើបន្ទប់ជួលវិញ ។ លុះមួយសន្ទុះក្រោយមក ក៏មានពលរដ្ឋរត់ឡើងទៅហៅ បុរសបរទេស ដែលទើបតែធ្លាក់ ចុះមកក្រោមវិញ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចផងដែរ ។
ប្រភពពីម្ចាស់ផ្ទះជួល បានអោយដឹងថា ៖ ជនជាតិបរទេសទាំង២នាក់ខាងលើ គឺជាជនជាតិឥណ្ឌូនេសុី ដែលជួលទីតាំងរបស់គាត់ ដើម្បីស្នាក់នៅ និងធ្វើការ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ នឹង ដើម្បីត្រួតពិនិត្យ សពនៅក្នុងបន្ទប់ ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រដ្ឋ រង្សី




