គ្រោះរញ្ជួយដី ៦.៩ រ៉ិចទ័រ ឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៣១នាក់នៅហ្វីលីពីន

ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន កាលពីម៉ោងជិត ១០យប់ថ្ងៃអង្គារ ទី៣០ ខែកញ្ញា (ម៉ោងក្នុងស្រុក ឬប្រហែលខ្ទង់ម៉ោង១០នៅកម្ពុជា)។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅតំបន់ឆ្នេរសមុទ្រក្បែរទីក្រុងសេប៊ូ (Cebu) និងមានជម្រៅ ៥គីឡូម៉ែត្រ ។
គ្រោះមហន្តរាយធម្មជាតិដ៏ខ្លាំងក្លានេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣១នាក់បាត់បង់អាយុជីវិត ខណៈដែលចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ ស្របពេលអគារមួយចំនួនរងនូវការបំផ្លិចបំផ្លាញ ។
ជុំវិញស្ថានភាពនេះ វិទ្យាស្ថានស្ទាបស្ទង់បន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានចេញសេចក្តីប្រកាសអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកក៏បានលុបចោលវិញ ដោយពន្យល់ថា «កម្រិតទឹកសមុទ្រមានការប្រែប្រួលតិចតួច» ហើយឥឡូវនេះវាបានបញ្ចប់វិញហើយ ។
ក្នុងពេលដំណាលគ្នា ក្រុមមន្ត្រីក្នុងទីក្រុងសាន់រ៉េមីហ្គូ (San Remigio) ជាទីក្រុងមួយស្ថិតនៅជិតទីក្រុងសេប៊ូ (Cebu) បានប្រកាសអំពីស្ថានភាពរងគ្រោះចេញពីគ្រោះមហន្តរាយនេះ ដែលបានបណ្ដាលឱ្យមានការខូចខាតយ៉ាងដំណំ ។
គួររម្លឹកថា គ្រោះរញ្ជួយដីចុងក្រោយនេះ ទីក្រុងសេប៊ូ (Cebu) ដែលស្ថិតនៅក្នុងតំបន់កោះវីសាយ៉ាស់ (Visayas) និងជាទីជម្រករបស់មនុស្សជិតមួយលាននាក់ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC News/ AP| រូបភាព-Photo៖ Jacqueline Hernandez & Vince Sylvan A. Toring via AP/ A map from CDN Digital




