ព័ត៌មានអន្តរជាតិ

Update: សិស្ស៩១នាក់នៅតែជាប់ក្រោមគំនរបាក់បែក ពីរថ្ងៃក្រោយការដួលរលំសំណង់អគារសាលារៀននៅឥណ្ឌូណេស៊ី

image


ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) មានហេតុការណ៍បាក់រលំសំណង់អគារសាលារៀនអ៊ីស្លាម អាល់ ខូហ្ស៊ីនី (Al Khoziny) នៅក្នុងឃុំប៊ូឌូរ៉ាន់ (Buduran) ស្រុកស៊ីដូអារ៉ាចូ (Sidoarjo) ខេត្តកោះជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី អំឡុងសិស្សសាលាកំពុងតែថ្វាយបង្គំនាពេលរសៀល ។

អាជ្ញាធរបានបញ្ជាក់ថា ផ្នែកនៃសំណង់អគារក្នុងសាលារៀនដែលបានបាក់រលំខាងលើនេះ កំពុងស្ថិតនៅក្នុងដំណើរការពង្រីកដោយមិនមានការអនុញ្ញាតត្រឹមត្រូវជាមុន ជាមួយនឹងការសាងសង់២ជាន់បន្ថែមពីលើរចនាសម្ព័ន្ធចាស់ដែលធ្វើឱ្យអគារមិនអាចទ្រទ្រង់ទម្ងន់ជាបន្តទៀតបានឡើយ ។

គិតត្រឹមថ្ងៃពុធនេះ ឧបទ្ទវហេតុដួលរលំសំណង់អគារកំពុងសាងសង់បន្ថែម បានបណ្ដាលឱ្យសិស្សយ៉ាងហោចណាស់ ៩១នាក់ដែលភាគច្រើនជាក្មេងប្រុសអាយុចន្លោះពី ១២ ទៅ ១៨ ឆ្នាំនៅតែជាប់នៅក្រោមគំនរបាក់បែក រហូតមកដល់២ថ្ងៃក្រោយគ្រោះថ្នាក់ដ៏អាក្រក់នេះ។ ក្រៅពីនេះ អាជ្ញាធរ បានបញ្ជាក់ថា សិស្ស៣នាក់បានស្លាប់ និងប្រហែល ១០០នាក់ផ្សេងទៀតទទួលរងរបួស ដោយច្រើននាក់របួសនៅត្រង់ក្បាល និងបាក់ឆ្អឹង។ អាជ្ញាធរ បានបញ្ជាក់ដែរថា សិស្សស្រី កំពុងថ្វាយបង្គំនៅទីតាំងផ្សេងមួយទៀត ហើយបានរត់គេចខ្លួនដោយសុវត្ថិភាពនៅពេលហេតុការណ៍នេះកើតឡើង ។

ក្រុមអ្នកជួយសង្គ្រោះឯណោះវិញ បានរកឃើញក្មេងចំនួន ៦នាក់នៅរស់រានមានជីវិតក្រោមគំនរបាក់បែក ខណៈក្រុមនេះ នៅតែបន្តកិច្ចការយ៉ាងប្រុងប្រយ័ត្នដើម្បីរំដោះអ្នកនៅរស់ ដោយផ្តល់អុកស៊ីសែន ទឹក និងអាហារតាមចន្លោះតូចៗ ខណៈដែលឧបករណ៍ធុនធ្ងន់មិនត្រូវបានប្រើប្រាស់នោះទេ ដោយសារតែហានិភ័យនៃការដួលរលំសំណង់អគារបាក់បែកបន្ថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ VIORY | រូបភាព-Photo៖ Trisnadi via AP/ Viory