ព័ត៌មានអន្តរជាតិ

ខេត្តមួយនៅភាគខាងជើងប្រទេសថៃ រងគ្រោះដោយទឹកជំនន់មិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំ

image


ថៃឡង់ដ៍៖ ខេត្តឧត្តរាឌីត (Uttaradit) ភាគខាងជើងប្រទេសថៃ រងគ្រោះដោយទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨០ឆ្នាំ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បង្កដោយឥទ្ធិពលព្យុះប៊ូឡូយ (Bualoi) ។

គ្រោះទឹកជំនន់នេះ បានហូរធ្លាក់ពីលើភ្នំ រួចបន្តហូរចូលទៅក្នុងព្រែក ប្រឡាយ ដោយជន់លិចផ្លូវថ្នល់ ដីស្រែចម្ការ និងលិចលង់ផ្ទះមួយជាន់ដល់ដំបូលឯណោះ ខណៈផ្ទះមានកម្ពស់២ជាន់ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ។
គ្រោះមហន្តរាយនេះ បណ្ដាលឱ្យប្រជាពលរដ្ឋប្រមាណជា ២,០០០ គ្រួសារនៅក្នុងស្រុកចំនួន ៣ រួមមាន ស្រុកណាំផាត់ (Nam Pat) ថុងស៊ែនខាន់ (Thong Saen Khan) និងស្រុកថាផ្លា (Tha Pla) ទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ។

ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តកំពុងប្រើប្រាស់ទូក និងឧបករណ៍សង្គ្រោះ ដើម្បីជម្លៀសអ្នកស្រុក ជាពិសេសមនុស្សចាស់ ជនពិការ អ្នកជំងឺគេងឈឺនៅលើគ្រែ និងសហគមន៍នៅជិតមាត់ទន្លេ ស្របពេលអាជ្ញាធរកំពុងតាមដានស្ថានការណ៍ ចែកចាយស្បៀង ផ្គត់ផ្គង់ និងជួសជុលផ្លូវដែលខូចខាត រួមទាំងណែនាំឱ្យពលរដ្ឋចៀសវាងតំបន់លិចទឹក ដើម្បីសុវត្ថិភាព ។

ទោះបីភ្លៀងធ្លាក់ ហាក់បានធូរស្រាលខ្លះហើយក៏ដោយកាលពីថ្ងៃអង្គារ ក៏ទឹកជំនន់នៅតែបន្តហក់ឡើងនៅតាមតំបន់ទំនាប ជាពិសេសស្រុកថោងស៊ែនខាន់ ខណៈផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ហើយមនុស្សជាច្រើនត្រូវអាជ្ញាធរជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ Spring News/ TV Pool/ The Nation Thailand