ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច នៅខេត្តព្រះសីហនុ កើនដល់ចំនួន ៣៩២គម្រោង ក្រោមទុនវិនិយោគ ៧,៨ប៊ីលានដុល្លារ

image


ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧.៨០១លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥០.៦៧០កន្លែង។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦គម្រោង, គម្រោងវិនិយោគថ្មី ១៦៦គម្រោង, គម្រោងពង្រីក ២៥គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥គម្រោង។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានជំរុញដល់ក្រុមការងារ បន្តពិនិត្យ ហើយសម្រេចជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្តពិសេស ដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្តហើយ, ក្រុមការងារ និងក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រ ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគ ដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ការងារដំបូងរបស់ក្រុមការងារ គឺការផ្តល់គោលការណ៍លើកទឹកចិត្ត, ទី២ ក្រុមការងារផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍នោះ ក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ហើយ ទី៣ ក្រុមការងារត្រូវផ្តោតការយកចិត្តលើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការ ដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និង ប្រភេទទំនិញ។

តាមរយៈអង្គប្រជុំនេះ ក៏បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០ និងគម្រោងថ្មី ចំនួន ៥ និងគម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.១៩៥កន្លែង។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។

បន្ថែមពីលើការផ្តល់គោលការណ៍នេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស, ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ, ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕