កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ហក់ឡើង បន្ទាប់ពីក្បាលស្ទឹងទាំង៣ខាងលើ ជន់ខ្លាំង

ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេល២ទៅ៣ថ្ងៃ នៅឯតំបន់ជួរភ្នំក្រវាញ
បានធ្វើឱ្យក្បាលស្ទឹងទាំង៣ក្នុងនោះមាន៖
ក្បាលស្ទឹងធំ ស្ទឹងអារ៉ៃ និងក្បាលស្ទឹងព្រៃខ្លុង
មានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ បណ្តាលឱ្យកម្ពស់ទឹកហក់ឡើងខ្លាំងនៅល្ងាចថ្ងៃទី៣០ខែកញ្ញា និងព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០២៥នេះ។
អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ លោក គឹម ផល បានឱ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ កម្ពស់ទឹកស្ទឹងប្រមោយស្រុកវាលវែង១.៩០ម កម្រិតប្រកាសអាសន្ន៩.០០ម កម្ពស់ទឹកស្ទឹងនៅស្រុកភ្នំក្រវ៉ាញ២.២៧ម កម្រិតប្រកាសអាសន្ន៦.០០ម និងកម្ពស់ទឹកក្បាលហុង នៅក្រុងពោធិ៍សាត់៤.៩៨មកម្រឹតប្រកាស
អាសន្ន៥.០០ម។
លោកគឹម ផលបានឱ្យដឹងថាតាមការព្យាករណ៍អាកាសធាតុខេត្តពោធិ៍សាត់ នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះទី២០ឈ្មោះថាប៊ូឡូយបក់មកពីសម្រុទអានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា។ ក្នុងសភាពបែបនេះចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ជោកជាំនៅតំបន់ជួរភ្នំក្រវាញ ដែលអាចនឹងបណ្តាលឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានការហក់ឡើងខ្លាំងនៅថ្ងៃនេះនិងថ្ងៃស្អែក។
ប៉ុន្តែមកដល់ព្រឹកថ្ងៃទី០១ខែតុលានេះ បើពិនិត្យមើលកម្ពស់ទឹកនៅតាមស្ថានីយនីមួយៗនៅផ្នែកខាងលើមានការស្រកចុះជាបណ្តើរៗ ។ ចំណែកឯកម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់អាចនឹងហក់ឡើងបន្តិចបន្ទួចនៅថ្ងៃនេះនិងថ្ងៃស្អែក។
លោកអនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ថា បើទោះស្ថានភាពអាកាសធាតុម្តងបើកថ្ងៃម្តងស្រទំក្តី សូមឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពិសេសអ្នករស់នៅតាមមាត់ជ្រោះអូរ និងតាមដងស្ទឹងពោធិ៍សាត់ ត្រូវប្រុងប្រយ័ត្នពេលវេលា ចំពោះកូន ចៅ និងទ្រព្យសម្បត្តិនានាពីព្រោះរដូវនេះអាកាសធាតុមានការប្រែប្រួលឆាប់រហ័ស៕
អត្ថបទ៖សេង ប៊ុនធឿន









