ប្រធានាធិបតីត្រាំ៖ ក្រុមហាម៉ាស់ មានពេល ៣ ឬ៤ថ្ងៃ ដើម្បីឆ្លើយតបនឹងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា

សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) មានប្រសាសន៍ថា ក្រុមហាម៉ាស់ (Hamas) មានរយៈពេលចន្លោះពី ៣ ទៅ៤ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា (Gaza) ។
លោកបានធ្វើការព្រមានថា ការបញ្ចប់ទៅដ៏សោកសៅអាចនឹងកើតមានឡើង ប្រសិនបើក្រុមនេះបដិសេធ ហើយយើងកំពុងតែរង់ចាំមើលថាតើវាដំណើរការទៅមុខយ៉ាងរលូនឬយ៉ាងណា។ លោកបានបញ្ជាក់បន្ថែមដែរថា ប្រទេសអារ៉ាប់ និងបណ្ដារដ្ឋមូស្លីមផ្សេងទៀត ព្រមទាំងអ៊ីស្រាអ៊ែល សុទ្ធតែបានយល់ព្រមចំពោះផែនការនេះរួចហើយ ។
ផែនការទាំង ២០ចំណុចដែលបានបង្ហាញជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗ, លុបបំបាត់ទីតាំងធ្លាប់បម្រើដល់បញ្ហាជម្លោះកន្លងមកក្នុងតំបន់ខាងលើ, មិនអនុញ្ញាតឱ្យអ៊ីស្រាអ៊ែលបន្តកាន់កាប់តំបន់នោះ, ដកកងកម្លាំងចេញ, ដោះលែងចំណាប់ខ្មាំងក្នុងរយៈពេល ៧២ម៉ោង, ដោះលែងអ្នកទោសប៉ាឡេស្ទីន, ផ្ដល់ជំនួយពេញលេញទៅកាន់តំបន់ហ្គាហ្សាប្រកបដោយសុវត្ថិភាព, លើកលែងទោសសម្រាប់សមាជិកក្រុមហាម៉ាសដែលយល់ព្រមសន្តិភាព, បង្កើតក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកត្រាំ, ត្រួតពិនិត្យអភិបាលកិច្ចរបស់អាជ្ញាធរប៉ាឡេស្ទីនក្រោយបញ្ចប់សង្គ្រាម, អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ហ្គាហ្សា, ផ្ដល់ឱកាសការងារ, បើកសិទ្ធិសេរីភាពក្នុងការចេញចូលតំបន់ហ្គាហ្សា, លើកទឹកចិត្តឱ្យមានការយោគយល់គ្នារវាងប្រជាជននិងប្រជាជន, សហរដ្ឋអាម៉េរិកសម្របសម្រួលកិច្ចសន្ទនារវាងភាគីជម្លោះទាំងពីរឱ្យរួមរស់ដោយយូរអង្វែងជាដើម ហើយជាពិសេសនោះ ក្រុមហាម៉ាស់ត្រូវយល់ព្រមក្នុងការមិនទទួលបានតួនាទីគ្រប់គ្រងទឹកដីណាមួយឡើយ ខណៈរដ្ឋអ៊ីស្លាមផ្សេងៗទៀតចូលរួមត្រួតពិនិត្យដំណើរការនេះ ។
ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់ កំពុងតែត្រួតពិនិត្យមើលផែនការនេះ ស្របពេលប្រទេសមួយចំនួន ដូចជាកាតា អារ៉ាប់រួម ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប រួមជាមួយអាជ្ញាធរប៉ាឡេស្ទីន សុទ្ធតែបានស្វាគមន៍នូវផែនការសន្តិភាពចុងក្រោយនេះដូចៗគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Ken Cedeno via Reuters/ BBC/ Al Jazeera/ Dawoud Abu Alkas via Reuters



