ចិន ស្វាគមន៍ចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិក សម្រាប់បញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានលើកឡើងថា រដ្ឋធានីប៉េកាំង គាំទ្រចំពោះផែនការសន្តិភាព ២០ ចំណុចដែលបង្ហាញដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ។
ប្រទេសចិនស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិសម្រាប់រាល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង ។
ផែនការរបស់សហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ, ដោះលែងចំណាប់ខ្មាំងក្នុងរយៈពេល ៧២ម៉ោង, ដោះលែងអ្នកទោសប៉ាឡេស្ទីន, លើកលែងទោស ឬផ្ដល់សុវត្ថិភាពសម្រាប់សមាជិកក្រុមហាម៉ាស់ដែលយល់ព្រមសន្តិភាព, ធ្វើកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន, អភិវឌ្ឍតំបន់ហ្គាហ្សា ទាំងសេដ្ឋកិច្ច និងកត្តាធនធានមនុស្ស, បង្កើតក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោក Trump, ត្រួតពិនិត្យអភិបាលកិច្ចរបស់អាជ្ញាធរប៉ាឡេស្ទីនក្រោយបញ្ចប់សង្គ្រាម, ដកកងកម្លាំងអ៊ីស្រាអ៊ែលនិងការកាន់កាប់តំបន់ហ្គាហ្សាជាដើម ខណៈដែលចំណុចនៃផែនការទាំងអម្បាលម៉ានខាងលើនេះ ទទួលបានការសាទរដោយប្រទេសក្នុងតំបន់ និងអាជ្ញាធរប៉ាឡេស្ទីន ។
រឿងមួយផ្សេងទៀត លោកគូ (Guo) បានធ្វើការរិះគន់ប្រមុខការបរទេសតៃវ៉ាន់ លោក លីន ជៀលុង (Lin Chia-lung) នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ហើយចិនក៏ជំរុញឱ្យអ៊ីតាលី គោរពគោលការណ៍ចិនតែមួយ ដោយទីក្រុងប៉េកាំងនឹងបន្តជំរុញឱ្យមានការបង្រួបបង្រួមគ្នាវិញ ដោយចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយរបស់ចិន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Viory/ Dawoud Abu Alkas via Reuters/ Al Jazeera


