ស្ថាប័នរដ្ឋនៅសហរដ្ឋអាម៉េរិក ផ្អាកដំណើរការជាបណ្ដោះអាសន្ន ព្រោះតែមិនមានការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មី ធ្វើឱ្យប៉ះពាល់បុគ្គលិករដ្ឋរាប់សែននាក់

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្ន កំពុងស្ថិតក្នុងការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋជាបណ្ដោះអាសន្ន ដោយសារតែសភា និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនបានសម្រេចនូវការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មីតាមកាលកំណត់ ។
រឿងនេះបានកើតឡើងដោយសារតែគណបក្សប្រជាធិបតេយ្យទាមទារប្រាក់រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារឡើងវិញនូវកម្មវិធីថែទាំសុខភាពដូចជា អូបាម៉ាឃែរ (Obamacare) ប៉ុន្តែត្រូវគណបក្សសាធារណរដ្ឋជំទាស់។ ការខ្វែងគំនិតគ្នាខាងនយោបាយនេះ បានរារាំងដល់ការអនុម័តច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ។
ការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋាភិបាលនេះ មានន័យថា នាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធជាច្រើននឹងត្រូវផ្អាកដំណើរការ ហើយវានឹងប៉ះពាល់ដល់បុគ្គលិករដ្ឋាភិបាលរាប់សែននាក់ ដោយពួកគេនឹងត្រូវត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ឬមិនមានការងារធ្វើរហូតទាល់តែស្ថាប័នរដ្ឋដំណើរការឡើងវិញ ហើយនៅអំឡុងឈប់សម្រាកនោះ បុគ្គលិករដ្ឋនៅតែជាបុគ្គលិករដ្ឋគ្រាន់តែមិនទទួលបានប្រាក់ឈ្នួល ដោយត្រូវរង់ចាំរហូតដល់រឿងនេះ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ។
ការផ្អាកប្រតិបត្តិការនៅតាមស្ថាប័នរដ្ឋជាបណ្ដោះអាសន្ននេះ នឹងមានរយៈពេលរហូតដល់កិច្ចព្រមព្រៀងផ្តល់មូលនិធិថ្មីត្រូវបានសម្រេច។ ដោយឡែក សេវាកម្មរដ្ឋសំខាន់ៗ ដូចជាយោធា និងសេវាប្រៃសណីយ៍នឹងបន្តដំណើរការជាធម្មតា ប៉ុន្តែមុខងារផ្សេងទៀតនឹងត្រូវផ្អាក ។
ជុំវិញស្ថានភាពនេះ ក៏បានជះឥទ្ធិពលដល់ស្ថានទូតអាម៉េរិកនៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនោះ ស្ថានទូតអាម៉េរិកនៅក្នុងរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសបុករបស់ខ្លួន បានបង្ហោះសំណេរថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាម៉េរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាម៉េរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងស្ថានភាពប្រតិបត្តិការរបស់យើង សូមចូលទៅកាន់ travel.state.gov។ ក្រៅពីនៅកម្ពុជា ស្ថានទូតអាម៉េរិកប្រចាំរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ក៏បានចេញសេចក្ដីប្រកាសស្រដៀងគ្នានេះដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ Laotian Times/ Viory/ Facebook page of U.S. Embassy Phnom Penh, Cambodia | រូបភាព-Photo៖ AFP/ Laotian Times/ US Embassy in Phnom Penh.


