ព័ត៌មានអន្តរជាតិ

រដ្ឋលេខាធិការក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដោយបានការកសាង និងប្រែក្លាយយុវជនកម្ពុជា ទៅជាមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព

image


ភ្នំពេញ៖ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងពិធីបើកវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី “យុវជន២១ - Youth21" នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ ដើម្បីជំរុញ នូវកម្លាំងសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានភាពប្រកួតប្រជែងខ្ពស់ មានសមធម៌ មាននិរន្តរភាព និងធានាបានថា ពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍ពេញលេញពីការអភិវឌ្ឍ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយផ្អែកលើអាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា។

ក្នុងន័យនេះ ការអភិវឌ្ឍយុវជន គឺជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការកសាង និងប្រែក្លាយ យុវជនកម្ពុជា ទៅជាមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ដើម្បីកសាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកលើការអភិវឌ្ឍយុវជន តាមរយៈការផ្តល់ឱកាស និងពង្រឹងសមត្ថភាពប្រកបដោយបរិយាបន្នដល់យុវជនមកពីគ្រប់មជ្ឈដ្ឋាន ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ជាពិសេសការប្រមូលផ្តុំកម្លាំង វិជ្ជមានរបស់យុវជន ក្នុងការការពារសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានគឺ សន្តិភាព និងវឌ្ឍនភាពសង្គម។

លោករដ្ឋលេខាធិការ បានឱ្យដឹងដែរថា កម្មវិធី យុវជន២១ ពិតជា បានបង្កើតឱកាសដល់យុវជនកម្ពុជា ពិសេសប្អូនៗនិស្សិត ក្នុងការចូលរួម ពង្រឹងសមត្ថភាពបន្ថែមលើជំនាញសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងធុរកិច្ច ដែលជាប្រទីបបំភ្លឺដ៏ត្រឹមត្រូវមួយសម្រាប់យុវជន ឱ្យមាននវានុវត្តន៍ ចេះប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហា តាមរយៈការបង្កើតអាជីវកម្មស្របតាមលទ្ធភាព និងតម្រូវការទីផ្សារ ព្រមទាំងអាចចូលរួមចំណែកក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក ដោយបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។

លោក សេរី ជំនះ បានអំពាវនាវ ដល់យុវជនទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ចំណេះធ្វើ បទពិសោធ ដែលទទួលបានពីកម្មវិធីនេះ ដើម្បីចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍន៍សហគមន៍ និងកសាងអនាគតសម្រាប់ខ្លួនឯង និងអ្នក ជុំវិញខ្លួន៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី