ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ «ការប្រែប្រួលអាកាសធាតុ» បាននិងកំពុងបង្កឱ្យមានប៉ះពាល់ដល់ យើងគ្រប់ៗគ្នា ក្នុងនោះ អ្នកដែលងាយរងគ្រោះ ភាគច្រើនស្ត្រី និងកុមារ

image


ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះបានមានប្រសាសន៍ថា ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ត្រូវការការចូលរួមពីគ្រប់តួអង្គ និងដៃគូពាក់ព័ន្ធ រួមទាំងបុរស និងស្ត្រី ចាប់តាំងពីកម្រិតបុគ្គល គ្រួសារ សហគមន៍ រហូតដល់ថ្នាក់ជាតិ ដើម្បីចូលរួម សម្រេចគោលដៅដ៏មានសារៈសំខាន់នេះ។

លោកស្រី អ៉ឹង កន្ថាផាវី បញ្ជាក់ថា «ការប្រែប្រួលអាកាសធាតុ» ជាបញ្ហាសកល ប៉ុន្តែបាន និងកំពុងបង្កឱ្យមានប៉ះពាល់ដល់ យើងគ្រប់ៗគ្នា ហើយផលប៉ះពាល់នេះ មានលក្ខណៈខុសៗគ្នា ទៅលើបុរស ស្ត្រី និងក្រុមជនងាយ រងគ្រោះ។ ក្នុងនោះ, អ្នកដែលងាយរងគ្រោះ ភាគច្រើនជាស្ត្រី និងកុមារ តែងតែប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាជីវសាស្ត្រ សេដ្ឋកិច្ច និងកត្តាសង្គម ស្ត្រី និងក្មេងស្រី តែងតែជួបប្រទះបន្ទុក កាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោកស្រីកិត្តិបណ្ឌិត មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) «ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីយេនឌ័រ និងការឡើងកំដៅ បានបង្ហាញថា ដោយសារការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យប៉ះពាល់លើស្ត្រី ដូចជា៖

ការងារតាមផ្ទះ៖ កាលណាកម្ដៅសីតុណ្ហភាពកាន់តែកើនឡើង អាចបង្កផលប៉ះពាល់ដល់ សុខភាពមនុស្សកាន់តែច្រើន (ជាពិសេសកង្វះជាតិទឹកនៅក្នុងខ្លួន) ដែលបន្ទុកនេះអាច បន្ថែមដល់ស្ត្រី ដោយសារពួកគេភាគច្រើននៅផ្ទះ និងដើរតួនាទីជាអ្នកអប់រំកូនចៅ និងថែទាំ សមាជិកគ្រួសារ។ ចំណុចទាំងនេះ តម្រូវឱ្យស្ត្រីត្រូវចំណាយពេលវេលាកាន់តែច្រើន ទៅលើ ការងារគ្មានកម្រៃ ហើយអាចថយចុះនូវលទ្ធភាពក្នុងការធ្វើការងារខាងក្រៅ (សម្រាប់ សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចសហគមន៍ និងសង្គមជាតិ)។

បន្ទុកសេដ្ឋកិច្ច៖ កាលណា អាកាសធាតុក្តៅខ្លាំងពេក នឹងបង្កឱ្យមានផលប៉ះពាល់ដល់ សមត្ថភាព និងផលិតភាពការងារថយចុះ។ នៅក្នុងនោះ, អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើការងារនៅក្រៅអាគារនេះ (មានស្ត្រី ជាង៨០%)។

សុខុមាលភាពរបស់ស្ត្រីនិងកុមារ៖ កាលណាមានកំដៅកើនឡើង លើស ១អង្សា, នោះនឹងបង្កផលប៉ះពាល់ដល់សុខភាពស្ត្រី ដែលជាម្តាយ និងសុខុមាលភាពទារក (ជាពិសេសទារក ដែលនៅក្នុងផ្ទៃពោះ រងហានិភ័យក្នុងការរលូតកូន និងភាពទន់ខ្សោយរបស់ទារកជាដើម)។

លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍ និងតួអង្គសង្គមស៊ីវិល បន្តចូលរួម និងរួមគ្នានៅក្នុងដំណើរការដ៏សំខាន់នេះ ដើម្បីបញ្ជាក់ថា “ស្ត្រីមិនត្រឹមបានគេមើលឃើញថា ជាជនងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីនិងក្មេងស្រី ជាភ្នាក់ងារនៃការ ផ្លាស់ប្តូរ និងជាអ្នកដឹកនាំ នៅក្នុងសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព»៕

អត្ថបទ៖ សន ពិសិដ្ឋ