ព័ត៌មានជាតិ

ពលករវិលត្រលប់មកពីប្រទេសថៃ​ សន្យាមិនវិលទៅធ្វើការនៅប្រទេសថៃវិញទេ

image


កំពង់ស្ពឺ៖​ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ​ បានជួបសំណេះសំណាលជាមួយអតីតពលករចំណាកស្រុកដែលកំពុងបម្រើការនៅក្នុងរោងចក្រស៊ីគ្លូ​ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។​

ក្នុងឱកាសនោះ​ តំណាងពលករបានលើកឡើងថា ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំ ខ្លះក៏ធ្វើនៅតាមហាងលក់បាយ ខ្លះនៅតាមរោងចក្រផ្សេងៗ។​ ក្រោយព្រឹត្តិការណ៍ព្រំដែន ពួកគាត់ត្រូវបានផ្អាកការងារតែថៅកែរោងចក្រនិងហាងមិនឱ្យវិលត្រលប់មកមាតុប្រទេសវិញទេ ដោយគេអះអាងថានិងឱ្យចូលធ្វើការវិញបន្ទាប់ពីសភាពការណ៍ព្រំដែនដោះស្រាយរួចរាល់។

ក្នុងដំណាក់កាលនោះ ពួកគាត់ត្រូវពួនសំងំនៅក្នុងបន្ទប់មិនអាចដើរហើរសេរីនោះទេព្រោះខ្លាចមានការវាយធ្វើបាបពីសំណាក់ក្រុមជាតិនិយមថៃ។​ ដោយស្ថានភាពប្រទេសជាតិកាន់តែតានតឹង ពួកគាត់បានសម្រេចចិត្តវិលត្រលប់មកមាតុប្រទេសវិញ ហើយស្របពេលដែលថ្នាក់ដឹកនាំប្រទេសប្រកាសប្រាប់ថា នៅក្នុងប្រទេសមានការងារសម្រាប់ពួកគាត់។​ ពេលមកដល់គឺមិនខ្វះមែន ហើយប្រាក់បៀរវត្សរ៍ក៏បានថ្លៃ​ និងបើកក្នុងមួយខែ២ដងទៀតផង ដែលអាចជួយដោះស្រាយដល់ជីវភាពបានយ៉ាងល្អប្រសើរ។ ដូច្នេះពួកគាត់សន្យាមិនវិលត្រលប់ទៅធ្វើការនៅប្រទេសថៃទៀតទេ៕

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា​ ការងារនៅប្រទេសកម្ពុជាមានច្រើន​ ពលរដ្ឋអាចចូលធ្វើដោយគ្មានហានិភ័យ​ និងគ្មានការរើសអើងដូចធ្វើនៅក្រៅប្រទេសនោះទេ។​ ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃនោះទេ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរឡើយ។​ ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាប និងប្រមាថមកលើពលករខ្មែរ ក្រោយមានបញ្ហាព្រំដែន​ ហេតុនេះបានធ្វើឱ្យពលករកម្ពុជាសម្រេចចិត្តចាកចេញ​ និងវិលមកកាន់មាតុប្រទេសវិញ។

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពី២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះ មានភាពកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។ចំពោះវត្តមាននៃការវិលត្រលបមកវិញរបស់ពលករខ្មែរ រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ក្រុងបានយកចិត្តទុកដាក់​ និងសម្របសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងឱ្យពលរដ្ឋទទួលបានការងារដោយមិនចាំបាច់ត្រលប់ទៅវិញ ដែលអាចប្រឈមនឹងហានិភ័យ និងការមាក់ងាយពីពួកក្រុមជ្រុលនិយមថៃទៀតនោះទេ។​

ចំពោះប្រាក់ឈ្នួលនាពេលបច្ចុប្បន្នក៏មិនចាញ់ប្រទេសថៃនោះដែរ ហើយកាន់តែពិសេសគឺមួយខែអាចបើកបានរហូតដល់ទៅ២ដង។​ ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានជំរុញឱ្យអាជ្ញាធរ​ និងមន្ទីរជំនាញជួយសម្របសម្រួលរាល់ឯកសារផ្សេងៗដល់ពួកគាត់​ ផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅ​ និងរកការងារធ្វើ៕


អត្ថបទ៖​ ប៊ុត សារុន