ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពទឹកទន្លេ និងសួរសុខទុក្ខពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងខេត្តត្បូងឃ្មុំ

image


ក្រចេះ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាព នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចុះសួរសុខទុក្ខពលរដ្ឋនេះ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្ន ដើម្បីជម្លៀលមកកាន់ទីទួលសុវត្ថិភាព។ មួយវិញទៀត ពលរដ្ឋដែលរស់នៅលើទីទួលសុវត្ថិភាពទាំង២ទីតាំង ក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាព និងបរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។

យោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺ ១៥,២០ម៉ែត្រ៕

អត្ថបទ៖ សារី ណែត